(កណ្ដាល)៖ ក្រោយផ្ទុះរឿងមន្ត្រីអាជ្ញាធរស្រុក​កៀនស្វាយ ចុះ​ទៅចាប់គ្រឿង​ចក្ររបស់​ឧកញ៉ា ឡោក ហ៊ួរ ធ្វើសកម្មភាព​កាយដី​អត់សុំច្បាប់ និងក្រសួងរៀប​ចំ​ដែនដីដាក់ឈ្មោះ​ឧកញ៉ា​ ឡោក ហ៊ួរ នៅ​ក្នុងបញ្ជីខ្មៅ ព្រោះតែមានពាក់ព័ន្ធនឹងជំលោះ​ដីធ្លីជាមួយ​ប្រជាពលរដ្ឋ​ច្រើនរួចមក ស្រាប់តែ​អ្នកស្រី ហែម សុភាព ប្រធានអង្គការកាំហ្វិត​ តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុង​ស្រុកកៀនស្វាយ ៨៥៦​គ្រួសារ​ បានកាន់ឯកសារមួយ​កំភ្លូស​ធំ មករៀបរាប់ថា​ឧកញ៉ា ឡោក ហ៊ួរ បានរំ​លោភយក​ដីរបស់​អង្គការ​គាត់ទុក​សំរាប់​ចែកជូនប្រជាពលរដ្ឋក្រីក្រ​ចំនួន៨៥៦គ្រួសារ នៅក្នុងស្រុកកៀនស្វាយ​តាំងពីឆ្នាំ​២០០៥មកម្ល៉េះ រហូតមកដល់ពេល​នេះរឿងក្ដីកំពុងនៅក្នុងដៃ​តុលាការចាត់​ការនៅឡើយ​តែដោយសារ ឧកញ៉ាឡោក ហ៊ួរ​ មានលុយ និងអំណាចបានរត់​ការរហូតទទួល​បានប័ណ្ណកម្មសិទ្ធិ​ទាំងដី​កំពុងជាប់​បណ្ដឹង​ និងដីការក្សា​ការពារ​នៅតុលាការ​ទៀតផង។

អ្នកស្រី ហែម សុភាព បានរៀបរាប់​ពីដំណើរ​រឿងឧកញ៉ា ឡោក ហ៊ួរ រំលោភបំពាន​យកដីរបស់​អង្គការ ១០០០ហិកតា​ឲ្យដឹងថា ដើមឡើយ នៅឆ្នាំ១៩៩៨ អង្គការកាំហ្វិត​បានធ្វើសំណើទៅ​អាជ្ញាធរ​ដើម្បីស្នើសុំស្ដារ​ដី​២០០០ហិកតា ដែលជាប្រភេទ​ដីកសិកម្មរិច​រិល​មានទីតាំងនៅ​ក្នុងភូមិ​កណ្ដាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ដើម្បីធ្វើការ​អភិវឌ្ឍន៍​ទុកចែកជូន​ប្រជាពលរដ្ឋក្នុង និងក្រៅភូមិសាស្ត្រ​ដែលមានជីវភាព​ក្រីក្រ អ្នករស់នៅសំណង់​អនាធិបតេយ្យ និងអត់ដី​បង្កបង្កើនផលជាដើម។ ក្រោយមកអាជ្ញាធរ​ស្រុកដែល​មានលោក ប៉ិច លាងហ៊ី ជាអភិបាលស្រុក​ជំនាន់នោះ​បានឯកភាពប្រគល់ ដី១០០០ហិកតាឲ្យ​មកខាងសមាគម​គ្រប់គ្រងនិង១០០០ហិកតា​ទៀតប្រគល់ឲ្យអាជ្ញាធរស្រុកគ្រប់គ្រង តែបំរើឲ្យ​គោលដៅដូច​គ្នា​គឺទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកអត់ដីបង្កបង្កើនផល។

លុះនៅឆ្នាំ២០០៥ ស្រាប់​តែឧកញ៉ា ឡោក​ ហ៊ួរ បានទៅរំលោភបំពាន​ដោយប្រើកំលាំង​ប្រដាប់អាវុធ​កាន់កាប់ដោយខុសច្បាប់​ទាំងស្រុងហើយរារាំងមិនអោយខាងអង្គការ និងប្រជាពលរដ្ឋចូល​ទៅធ្វើស្រែចំការ​នៅលើដី​របស់អង្គការ​នោះឡើយ​។ ការចូលកាន់កាប់​លើដីអង្គការ​ទាំងបំពាន​នេះ ត្រូវបានអ្នកស្រី ហែម សុភាព អះ​អាង​ថា​ដោយ​សារតែឧកញ៉ា ឡោក ហ៊ួរ កាលនោះ​ក្នុងនាមលោក​ជាទីប្រឹក្សា និងជានាយក​រងខុទ្ទកាល័យ​សម្ដេចជា សុីម ប្រធានព្រឹទ្ធសភា ត្រូវបានខាងខុទ្ទកាល័យ​ចេញលិខិតបេសកកម្ម​អោយលោក​ចុះទៅទំនាក់ទំនង​ជាមួយរដ្ឋ​អំណាច និងត្រួតពិនិត្យអំពីបញ្ហា​ដីតំបន់អភិវឌ្ឍន៍​សម្ដេច ជា ស៊ីម ស្រែអំពិល ឃុំសំរោងធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ប្រើល្បិចចូល​ចាប់យកដី​របស់អង្គការតែ​ម្ដងទៅ ខណៈទីតាំងដីរបស់អង្គការ និងដីអភិវឌ្ឍន៏សម្ដេចជា សុីម ស្រែអំពិលគឺស្ថិតនៅខុសគ្នាទាំងស្រុងនោះ។ ដោយ​ឡែកដី​១០០០ហិកតាទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរស្រុក ក៏ត្រូវបានគេឃុប​ឃិត​គ្នាលក់​អោយឧកញ៉ា ឡោក ហ៊ួរ ផងដែរក្នុងតំលៃ២២ម៉ឺនដុល្លារ កាលសម័យ​លោក មុំ មិន ឡើងធ្វើជាអភិបាលស្រុកកៀនស្វាយ តាមរយៈកូតាគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ហើយ​កាលនោះ​មន្ត្រីអាជ្ញាធរ ចំណុះឲ្យស្រុក​ក៏នាំគ្នាប្ដឹង​លោក មុំ មិន រឿងលក់ដីរួម​ដោយអត្តនោម័ត​នេះផងដែរ។

អ្នកស្រី ហែម សុភាព បានរៀបរាប់បន្ថែម​ថាក្រោយឧកញ៉ា ឡោកហ៊ួរ រំលោភយក​ដីរបស់អង្គការទាំងបំពានមកអ្នកស្រី ក៏​បានដាក់ពាក្យបណ្ដឹងទៅ​រាជរដ្ឋាភិបាល រដ្ឋសភា និងប្ដឹងទៅតុលាការ​ដើម្បីស្វែងរកយុត្តិធម៌​ ទាមទារយកដីអង្គការ​មកវិញ តែដោយសារ​ឧកញ៉ា ឡោក ហ៊ួរ មាន​លុយ និងអំណាចបានប្រើល្បិច​និងវិធីផ្សេងៗ​ប្ដឹងរហូតតុលាការ​ចេញដីកាចាប់​ខ្លួនបុគ្គលិក​អង្គការមួយ​ចំនួនរហូត​លែងហ៊ាន​នាំគ្នាតវ៉ាប្រឆាំង​តទៅទៀត។

លុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ អង្គការបានប្ដឹង​ទៅរដ្ឋសភាសារជាថ្មី ដើម្បីឲ្យជួយអន្តរាគមន៍​ទៅអាជ្ញាធរជាតិដោះ​ស្រាយ​ទំនាស់ដីធ្លី​អោយជួយអន្តរាគមន៍​តែមិនមានលទ្ធផល​ទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ សម្ដេចតេជោ បានចារនៅលើពាក្យ​បណ្ដឹង​របស់អង្គការ​ជូនទៅ​លោកឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិន ពិនិត្យដោះស្រាយ។ ក្រោយមកទើបអាជ្ញាធរជាតិដោះ​ស្រាយ​ទំនាស់ដីធ្លី​ធ្វើសកម្មភាព​ចុះពិនិត្យ ប៉ុន្តែពុំបាន​សើុប​អង្កេត​អោយបាន​ដិតដល់រកភាពត្រឹមត្រូវ​តាមអង្គហេតុនោះទេ បែរជាអោយមន្ត្រីបច្ចេកទេស​អសមត្ថភាព ដែលឃុបឃិតគ្នា​និងទទួលលាភសក្ការៈ​ពីឧកញ៉ា ឡោក ហ៊ួរ ធ្វើរបាយការណ៏ក្លែងបន្លំ​សាច់រឿង​បំភ័ន្តថ្នាក់​ដឹកនាំអោយសំរេច​ចិត្តខុសពីការពិត រហូតចេញ ស.ជ.ណ លេខ៤១៥ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ប្រគល់សិទ្ធិជូនឧកញ៉ា ឡោក ហ៊ួរ បន្តគ្រប់គ្រងចាត់ចែង និងអាស្រ័យផល​លើផ្ទៃដីទំហ៊ំ២០០០ហិកតា​នោះទៅវិញ។ ចំណែកឯសំណើ​សុំរបស់​ប្រជាពលរដ្ឋ​ត្រូវបាន​បដិសេធ​ចោល ដែលករណីនោះ​គឺផ្ទុយពីកម្មវត្ថុ​បណ្ដឹងរបស់​ប្រជាពលរដ្ឋ​ប្ដឹងសុំ និងប្រមុខរាជរដ្ឋាភិបាល​ចារអោយ​ដោះស្រាយ បែរជាដោះស្រាយតាម​របៀបយកដីពីដើមបណ្ដឹង​ទៅប្រគល់អោយចុង​បណ្ដឹងទៅវិញ។ លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ អង្គការ​ដែលតំណាង​អោយប្រជាពលរដ្ឋ៨៥៦គ្រួសារ បានធ្វើ​លិខិត​ប្ដឹងទៅក្រសួងរៀបចំដែន​ដី ជួយចាត់វិធានការទប់​ស្កាត់ការ​ចេញប័ណ្ណ​លើដីខាង​លើនេះតែក្រសួងបែរ​ជាចេញលិខិតឆ្លើយ​តបថា មិនអាចទប់​ស្កាត់បានទេ ទាល់តែមានដីការក្សា​ការពារពីតុលា​ការ ទើបខាងអង្គការបានដាក់​បណ្ដឹងទៅតុលាការ​សុំដីការក្សា​ការពារ ហើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ សាលាដំបូងខេត្តកណ្ដាល​បានចេញដីការ​ក្សាការពារ​លេខ២២៩ ដកសរ\០១៣ លើផ្ទៃដីទំហ៊ំ១០០០ហិកតា របស់អង្គការកាំហ្វិត។ ប៉ុន្តែបែរជានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ មន្ទីររៀចំដែនដីខេត្តកណ្ដាល​ចេញប័ណ្ណកម្មសិទ្ធិ​លើដី២០០០ហិកតាដោយ​ក្នុងនោះមាន​ដី១០០០ហិកតា​របស់អង្គការកាំហ្វិត អោយទៅឧកញ៉ា ឡោក ហ៊ួរ បំពានលើដីការក្សា​ការពាររបស់​តុលាការទៅវិញ។

ក្រោយមកទៀតសាលាដំបូង​ខេត្តកណ្ដាល បានចេញដីកា​លេខ០៩៧ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដោយស្នើអោយមន្ទីររៀបចំ​ដែនដីខេត្តកណ្ដាល​ចាត់មន្ត្រីជំនាញ​ចុះវាស់វែង គូសប្លង់​ដីទំនាស់ និងបញ្ជាក់ពីប្រភេទ​ដី១០០០ហិកតា របស់អង្គការកាំហ្វិត​ក្នុងភូមិជ័យ​ឧត្តម ភូមិព្រែក​តាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅថ្ងៃទី១៧ ខែមិថិនា​ ឆ្នាំ២០១៤ ទើបមន្ទីររៀបចំដែន​ដីចាត់មន្ត្រីជំនាញ​ចុះវាស់វែងតាម​ដីកា តែត្រូវខាង​ឧកញ៉ា ឡោក ហ៊ួរ គេចវេសមិន​ចូលរួម ថែមទាំងប្រើកូន​ចៅជាជើងកាង​ទៅរារាំងហាម​ឃាត់មន្ត្រី​ជំនាញមិន​អោយចូល​វាស់វែង​ទៅវិញ។

បច្ចុប្បន្នដីទំនាស់ខាងលើត្រូវ​បានឧកញ៉ា ឡោក ហ៊ួរ ធ្វើការឈូសឆាយ​ជួលទៅអោយ​អ្នកដ៏ទៃ​ធ្វើស្រែចំការ​ទាំងរឿងក្ដីនេះ​កំពុងមាន​បណ្ដឹងនៅ​តុលាការ​នៅឡើយ។ មិនតែប៉ុណ្ណោះ​ឧកញ៉ា ឡោក ហ៊ួរ មិនត្រឹមតែរំលោភ​បំ​ពានយកតែ​ដីរបស់អង្គការកាំហ្វិតប៉ុណ្ណោះទេ គឺរំលោភបំពានយក​ដីប្រជាពលរដ្ឋ​ផ្សេងៗទៀត​ជាច្រើន​តាំងពី​ស្រុកកៀន​ស្វាយរហូត​ដល់ស្រុកស្អាង​ទាំងដីស្រែចំការ​ទាំងដីបឹងដែន​នេសាទសាធារណៈ ក្រោមរូបភាពអោយ​ប្រជា​ពលរដ្ឋ​តាំងខ្លួន​ជាម្ចាស់​ហើយ​ផ្ដិតមេដៃ​លក់អោយក្នុងតំលៃថោកៗជាដើម បង្កអោយមានទំនាស់ និងប្រជាពលរដ្ឋមាន​ការថ្នាំងថ្នាក់​យ៉ាងខ្លាំងមក​លើអាជ្ញាធរ និងរាជរដ្ឋាភិបាល ព្រោះឧកញ៉ា ឡោក ហ៊ួរត្រូវបានគេស្គាល់​ថាជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់​ដំបង និងជាមន្ត្រីជាន់ខ្ពស់របស់​គណបក្សប្រជាជន បែរជាមានឈ្មោះ​ទៅរំលោភ​យកដីប្រជាជន​ទៅវិញរហូតក្រសួងរៀប​ចំដែន​ដីសម័យ​លោកជា សុផារ៉ា ចុះឈ្មោះក្នុងបញ្ជីខ្មៅ​អ្នកមានរឿងដីធ្លីច្រើន​ជាងគេ។ ប៉ុន្តែកន្លងមកឧកញ៉ា ឡោក ហ៊ួរ ធ្លាប់​ប្រាប់ Fresh News ថាដីរបស់ លោកសុទ្ធតែ មាន​កម្មសិទ្ធិ និងមានច្បាប់​ត្រឹមត្រូវ៕