(ភ្នំពេញ)៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ បានសម្រេចការងារសាសង់បាន ៣៣.៥៨%ហើយ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

នេះបើតាមការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត និងក្រុមការងារនៃ គណៈកម្មការទទួលបន្ទុកការងារសាងសង់អគារថ្មី នៃមន្ទីរពេទ្យ តេជោសែនកោះធំ។

ជំនួបនេះបានពិភាក្សាអំពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ការធានានិរន្តរភាពថវិកា សម្រាប់កិច្ចដំណើរការ ការបណ្តុះបណ្តាល បុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរ ពេទ្យកាល់ម៉ែត ការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័ត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត សម្រាប់តម្រូវរបស់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ។

លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់ឃើញអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ត្រូវបានគ្រប់គ្រង និងធ្វើប្រតិបត្តិការតាមម៉ូដែលស្វ័យត ក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានានិរន្តរភាព នៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រុក កោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១៖អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ។ ២៖ អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។ ៣៖ អគារ ខាងស្តាំ ចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២,៥៤៤.៤ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕