(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មើលមិនឃើញថា ការដឹកនាំប្រទេសកម្ពុជា នឹងត្រូវធ្វើ ឬដើរតាមប្រទេសណាមួយ នៅលើពិភពលោកនោះឡើយ ដោយសារតែបណ្តាប្រទេសទាំងអស់នោះ មានគោលនយោបាយ និងស្ថានភាពខុសៗគ្នា គឺមានតែការ ធ្វើតាមស្ថានភាព ជាក់ស្តែងរបស់កម្ពុជា ទើបជារឿងល្អប្រសើរ។

ការថ្លែងថាមើលឃើញប្រទេសណាមួយ ដែលកម្ពុជាគួរដើរ ឬធ្វើតាមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេច ឧស្សាហ៍បានឮការនិយាយថា «ខិតខំធ្វើឲ្យដូចប្រទេសជឿនលឿនមួយចំនួន»។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកមានស្តង់ដារច្រើនណាស់ ហើយបណ្តាប្រទេសនៅលើពិភពលោក មានគោលនយោបាយខុសៗគ្នា។ សម្តេចតេជោ ក៏បានឌឺដងឲ្យប្រទេសអ្នកមានមួយចំនួន បានអាងដាក់ទណ្ឌកម្មលើគេ ហើយសម្តេច ក៏បានលើកឡើងពីបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដែលកំពុងជួបញ្ហាផងដែរដូចជា ហ្រ្គិច ដែលគិតតែពីខ្ចីលុយគេ គិតតែបន្ថយប្រាក់ចំណូល និងបង្កើនពន្ធ បារាំងនយោបាយរបស់ប្រធានធិបតី ហូឡង់ ជំរុញការចំណាយ ដើម្បីជំរុញកំណើន ក៏ប៉ុន្តែឥឡូវវាទៅជាអត់ដើរ និងអង់គ្លេស កំពុងត្រៀមធ្វើប្រជាមតិ ដើរចេញពីសហគមន៍អឺរ៉ុបជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រោះតែប្រទេសនានានៅលើពិភពលោក មានវិធីសាស្រ្តដើររៀងៗខ្លួននេះហើយ ទើបសម្តេចមិនដែលប្រើពាក្យថា ធ្វើឲ្យដូចប្រទេសជឿនលឿនលើពិភពលោកនោះទេ។

សម្តេចនាយករដ្ឋមន្រ្តី បានចោទជាសំណួរយ៉ាងដូច្នេះ «ប្រទេសណា ដែលយើងគួររៀន ប្រទេសខ្លះធ្វើអ្នកមាន អាងដើរវ៉ៃគេ តើយើងគួររៀនទេ? ប្រទេសខ្លះជាប្រទេសអ្នកមាន អាងដាក់ទណ្ឌកម្មគេ ប្រទេសខ្លះ ធ្វើតាមវិធីនេះ ធ្វើតាមវិធីនោះ វាមិនដូចគ្នាទេ នៅលើពិភពលោកអត់មានស្តង់ដារមួយទេ ស្តង់ដារច្រើនណាស់ ចឹងបានខ្ញុំកម្រប្រើពាក្យថា ឲ្យដូចប្រទេសជឿនលឿននានា លើពិភពលោក ខ្ញុំកម្រប្រើណាស់ ព្រោះប្រទេសជឿនលឿនវាមានច្រើនដែរ តើយើងធ្វើតាមអ្នកណា យកអ្វីធ្វើជាគំរូ ហើយជួនកាលគេទៅមុនយើង ២០០ឆ្នាំបាត់ហើយ យើងទើបចាប់ផ្តើម ហើយទៅធ្វើឲ្យដូចគេម៉េច»

សម្តេចតេជោ បានបន្ថែមថា វីធីដែលល្អសម្រាប់កម្ពុជា គឺធ្វើតាមស្ថានភាពស្តែងរបស់កម្ពុជា ហើយគួរតែរៀនតាមដូនរបស់ខ្មែរ ប្រសើរជាងរៀនសូត្រ ឬថាធ្វើឲ្យដូចប្រទេសជឿនលឿន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ឥឡូវធ្វើតាមអ្នកណា ប្រឹងធ្វើតាមយើង យើងរៀនសូត្រពីគេ ក៏ប៉ុន្តែយើងយកមកច្នៃ កិនឲ្យដូចត្បាល់អ៊ីចឹង ចេញមកកម្ពុជា ប្រាសាទអង្គរដូនតារបស់យើង មិនមែនមិនរៀនសូត្រពីប្រទេសនានាទេ បើតាមប្រវត្តិ ប្រាង្គប្រាសាទនៅកម្ពុជា ក៏ប៉ុន្តែសួរមើលថា ប្រាង្គប្រាសាទនៅកម្ពុជា វាដូចទៅនឹងប្រទេសមានប្រាង្គប្រាសាទចំណាស់ជាងយើងទេ? អត់ទេ! ចំណុចនេះ ដែលយើងត្រូវរៀនសូត្រពីដូនតាយើងវិញ ល្អជាងរៀនសូត្រថា ធ្វើឲ្យដូចប្រទេសជឿនលឿន ខ្ញុំមិនដឹងថា ធ្វើដូចប្រទេសណាផង ខ្ញុំរកនឹកវាមិនឃើញ។ អាចមានបទពិសោធន៍ខ្លះ វាត្រូវនឹងយើង ប៉ុន្តែកុំទាញយកមកទាំងដុល កុំកុបពីនិយម ធ្វើតាមសភាពជាក់ស្តែងរបស់កម្ពុជា»