(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាមេគ្រួសារគ្រូបង្រៀនទូទាំងស្រុកកណ្តៀង ក៏ដូចជា ទូទាំងខេត្ត លោកសូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ គ្រូគឺជាគ្រួសារគម្រូ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ទៅរកការងារអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ។

ការលើកឡើងបែបនេះ ក្នុងឱកាសលោកបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូទូទាំងស្រុកកណ្តៀងប្រមាណ៦២២នាក់ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតនៅក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ជុក សុផានី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក កឹន គឹមតូ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង បានជម្រាបជូនអំពីស្ថានភាព វិស័យអប់រំ ឆ្នាំសិក្សា ២០១៥-២០១៦ទូទាំងស្រុក ផ្នែកចំណេះទូទៅ គឺមានវិទ្យាល័យ២សាលាសិស្សមាន១៤៨៧នាក់ គ្រូ១៤៤នាក់ អនុវិទ្យាល័យមាន៥សាលាសិស្សមាន ៧៥០នាក់ គ្រូមាន៧២នាក់ បឋមសិក្សាមាន៤១សាលាសិស្សមាន៨៦២០នាក់ គ្រូមាន ៣០៧នាក់ និងថ្នាក់មត្តេយ្យសិក្សាមាន៤សាលា សិស្សមាន៣១៧នាក់ គ្រូមាន ៣៥នាក់។ លោក ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទូទាំងស្រុកកណ្តៀង ដែលបានខិតខំប្រឹងប្រែង និងផ្ទេរចំណេះដឹង បង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារពេញវ័យ សិក្សាទទួលបានសេវាអប់រំ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩។

ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និង ជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និង ប្រសិទ្ធភាព សម្រាប់ការស្តារ និង អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។ លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាមេគ្រួសារ លោកសូមឲ្យសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង ៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ លោកបន្ថែមថា បើបានធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះ ក៏មានទឹកបបរ និង ទឹកស្ករដែរ សុខចិត្តឲ្យស្តួចកុំឲ្យដាច់។

លោកបានបន្ថែមទៀតថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និងមានតម្លាភាព ពិសេសផ្តោតទៅលើសេវាវិស័យអប់រំ គ្រប់កំរិតទូទាំងស្រុក ក៏ដូចជាទូទាំងខេត្ត។

លោកបានបញ្ជាក់ផងដែរថា ការតែងតាំងបុគ្គលិកសិក្សា សូមពិនិត្យឲ្យបានច្បាស់លាស់ និងមានការសម្រេចចិត្ត ពីសមោហភាព ហើយការជ្រើសរើសគ្រូកិច្ចសន្យា ត្រូវជ្រើសរើសឲ្យបាន និងចំកន្លែងដែលខ្វះខាតពិតប្រាកដ។ ក្នុងឱកាសជួយសំណេះសំណាលនោះ លោក បានជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកសរុបប្រមាណ ៦២២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះ ១១នាក់ ទទួលបានសារុងម្នាក់៥ ហើយនេះគឺជាទំលាប់របស់លោក និង លោកស្រី ហ៊ុន ចាន់ធី តែងតែគិតគូទៅដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រប់ទីកន្លែងទាំងអស់។