(មណ្ឌលគិរី)៖ គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានទទួលសមាជិកថ្មីចំនួន១៩នាក់ ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមកពីគណបក្សភ្លើងទៀន១០នាក់ គណបក្សខ្មែររួបរួមជាតិ៤នាក់ និងមកពីគណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យ៥នាក់
ការបញ្ចូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំឡើងក្រោមវត្តមានលោក ថង សាវុន សមាជិកគណៈកម្មកាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ដែលបានចូលរួមជាសាក្សីផង។
លោក ថង សាវុន បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍បច្ចុប្បន្ននេះដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីស្វែងរកសន្តិភាពស្ថេរភាពជូនជាតិជូនប្រជាពលរដ្ឋ និងស្វែងរកការអភិវឌ្ឍន៍ប្រទេសជាតិឲ្យភាពរីកចំរើនលើគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកវិស័យទេសចរណ៍ ទាំងធនធានមនុស្ស ទាំងការអភិវឌ្ឍប្រទេស។ល។
លោកបានថ្លែងបន្តថា ដើម្បីសន្តិភាព សេ្ថរភាពសុវត្ថិភាពប្រទេសជាតិយើងទាំងអស់គ្នា ត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឲ្យសោះ៕