(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខប្រជាការពារនៅតាមឃុំទាំង៨នៃស្រុកតាំងគោក ដើម្បីសម្ដែងនូវការដឹងគុណដែលពួកគាត់ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន និងផ្ដាំផ្ញើឱ្យពួកគាត់បន្តការងារនេះតទៅទៀត ពិសេសក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតតំណាងរាស្ត្រនាពេលខាងមុខ។

ការចុះជួបជាមួយកម្លាំងប្រជាការពារខាងលើនេះ គឺធ្វើឡើងរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ សរុបមាន១២ទីតាំង និងមានចំនួនអ្នកចូលរួម៨៩៧នាក់ ចុងក្រោយគឺនៅឃុំទ្រៀល ដែលឃុំធំជាងគេមួយនៅស្រុកតាំងគោក។

លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ក្នុងពេលចុះជួបប្រជាការពារនៅតាមឃុំទាំង៨ខាងលើ លោកបានថ្លែងអំណរគុណចំពោះការខិតខំរបស់ពួកគាត់ដែលបានខិតខំចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន ដែលមានកម្លាំងនគរបាលជាកម្លាំងបង្គោលផង ដោយបានរួមចំណែកធ្វើឱ្យប្រជាជនទទួលបាននូវសេចក្ដីសុខសប្បាយ ប្រកបមុខរបរទទួលទានក៏បានសុខស្រួល។

លោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រជាការពារក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទប់ស្កាត់នូវការញុះញង់ផ្សេងៗពីសំណាក់ក្រុមអគតិជារឿយៗកន្លងមក។ ប្រការនេះគឺស្របទៅនឹងអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីតែងតែអំពាវនាវហើយអំពាវនាវទៀត គឺសូមឱ្យប្រជាជន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្លាំងប្រជាការពារចូលរួមការពារសន្តិភាពឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះ លោកអភិបាល ហាក់ ម៉ុងហួត ក៏បានសំណូមពរដល់កម្លាំងប្រជាការពារបន្តការការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋានបន្តទៅមុខទៀត ដើម្បីបង្កបរិយាកាសក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាពេលខាងមុខទៀតនោះឱ្យមានភាពល្អប្រសើរ ធានាបាននូវសេចក្ដីសុខជូនប្រជាជនគ្រប់គ្នា។

លោកក៏បានស្នើឱ្យកម្លាំងប្រជាការពារបន្តសកម្មភាពតាមដាន និងទប់ស្កាត់ការញុះញង់របស់ក្រុមជនអគតិទាំងឡាយដែលមានចេតនាបង្កអសន្តិសុខ អស្ថិរភាព និងបំផ្លាញសន្តិភាព ដើម្បីបន្តការការពារឱ្យខាងតែបាននូវសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកនេះ។

ប្រជាការពារនៅស្រុកតាំងគោកនេះសុទ្ធតែបានប្ដេជ្ញាបន្តចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាជននៅមូលដ្ឋាន ពិសេសគឺខិតខំការពារសន្តិភាពឱ្យខាងតែបាន មិនឱ្យក្រុមអគតិជាន់ឈ្លីបំផ្លាញជាដាច់ខាត។

គួរជម្រាបថា រាល់ការចុះជួបជាមួយប្រជាការពារតាមឃុំនីមួយៗ លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងសហការីតែងមានអំណោយកំដរដៃខ្លះៗ ដូចជា សារុង១ ថវិកា៥០០០-១០០០០រៀល រួមទាំងអាហារសាមគ្គីជាមួយគ្នាផងដែរ។

លោក ហាក់ ម៉ុងហួត ក៏បានអរព្រះគុណចំពោះព្រះអនុគណស្រុកតាំងគោក និងព្រះចៅអធិការវត្តនានា ដែលបានសម្របសម្រួលបង្កលក្ខណៈដល់ការរៀបចំពិធីជួបជុំប្រជាការពារទាំង១២ទីតាំង គឺនៅតាមវត្តនានាក្នុងស្រុក៕