(កំពង់ឆ្នាំង)៖ បុរស២នាក់បងប្អូនត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ខណៈដែលបុរសទាំងពីរនាក់ យកគោយន្តកន្ត្រៃ១គ្រឿងចូលភ្ជួរលើដីតំបន់៣ ដែលដែលជាតំបន់ហាមឃាត់។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា កាលពីព្រឹកថ្ងៃទី៨ ខែឧសភា កម្លាំងអាវុធហត្ថ ដែលមានរូបលោកផ្ទាល់ជាអ្នកដឹកនាំ និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក ជិន សុផាត ប្រធានការិយាល័យ បានចុះទៅឃាត់ខ្លួនបុរសពីរនាក់ និងគោយន្តកន្ត្រៃ១គ្រឿង កំពុងធ្វើសកម្មភាពភ្ជួរដីក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ នៅចំណុចអូរដូនជ្រាប និងអូរកំពឹស ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួនខាងលើនេះ រួមមាន៖

*ទី១៖ ឈ្មោះ គួន ស្រេង អាយុ៣៧ឆ្នាំ
*ទី២៖ ឈ្មោះ គួន សុគុណ អាយុ៣០ឆ្នាំ អ្នកទាំង២ជាបងប្អូន និងរស់នៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

ពួកគេទាំង២នាក់ បានយកគោយន្តកន្ត្រៃ១គ្រឿង ចូលភ្ជួរដីក្នុងតំបន់៣អស់ចំនួនកន្លះហិចតា លើផ្ទៃដី៨ហិកតា ដែលពួកគេបានប្រគល់ជូនរដ្ឋវិញកាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងពេលឃាត់ខ្លួនបុរសទាំង២នាក់ ខាងលើនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាង មានគោយន្តកន្ត្រៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងចាត់ការបន្តចំណែកវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំរោងសែន៕