(បាត់ដំបង)៖ ក្នុងឱកាសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២២ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកស្រី បានអញ្ជើញជាគណៈអធិបតី ទទួលអំណោយ ជាថវិកាតាមមន្ទីរ អង្គភាពនិងសប្បុរសជននានា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តាមរយៈលិខិតអំពាវនាវ ដើម្បីអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» គិតជាថវិកាសរុបប្រាក់រៀលចំនួន ១៤៥,៩៤៩,០០០រៀល និងប្រាក់ដុល្លារចំនួន១៨,៣០០ដុល្លារអាមេរិក។

ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងដើម្បីកៀរគរ រកមូលនិធិពីសប្បុរសជនទូទៅ នៅគ្រប់មជ្ឈដ្ឋាន ត្រៀមឆ្លើយតបទៅកាន់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងអ្នកដែលត្រូវការជំនួយជាចាំបាច់ និងរលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ជាពាណិជ្ជករជាតិស្វីស ដែលបានបង្កើតកាកបាទក្រហមអឌ្ឍចន្ទក្រហម។

លោកប្រធានបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌ នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះដែរ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់សប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានទឹកចិត្តសន្ដោសប្រណី ចែករំលែកនូវក្ដីស្រលាញ់ជូនចំពោះប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក សុខ លូ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៥ខែគិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះសាខាខេត្តបានទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាបឋម ថវិកាប្រាក់រៀលសរុប២២៧,០៥៧,០០០រៀល និងប្រាក់ដុល្លារចំនួន ៥៥,៩២៧.៥០ដុល្លារ។

ជាមួយគ្នានេះ សាខាខេត្ត បានផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះទូទាំងខេត្ត សរុបចំនួន៤១លើក ស្មើនឹង២,៧០៣គ្រួសារ មនុស្សរាយចំនួន១១,១២៤នាក់, ស្រី៩២៥០នាក់, ភូមិចំនួន៤៦២ នៃឃុំចំនួន១១២ ក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង ក្នុងនោះអំណោយសាខាខេត្តផ្ទាល់ ចំនួន២,៥៥៤គ្រួសារ និងអំណោយរបស់អនុសាខាស្រុកផ្ទាល់ចំនួន ១៤៩គ្រួសារផងដែរ។

ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមសន្យានឹងយកថវិការបស់សប្បុរសជនទាំងអស់ ទៅចាត់ចែងទៅតាមគោលការណ៍របស់សាខា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងអ្នកដែលត្រូវការជំនួយចាំបាច់ ហើយសូមគោរពជូនពរសប្បុរសជនទាំងអស់សូមរកស៊ីទទួលទានមានបាន សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានតែ នឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាខេត្ត ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕