(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមគ្រូពេទ្យ ដោយមានការសហការជាមួយមន្ទីរពេទ្យរដ្ឋ និងមានការចូលរួមពី សមាគមក្រុមគ្រូពេទ្យជំនាញ វះកាត់ដើម្បីកម្ពុជាសមាគមចក្ខុខ្មែរ Khmer Sight Foundation-KSF ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងកក់២ ដោយឥតគិតថ្លៃ។

ពិធីនេះបានធ្វើឡើងវត្តនាគវ័ន និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០, លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក លោកវេជ្ជបណ្ឌិត Steve Swartz ជាប្រធានផ្នែកបច្ចេកទេសជំនាញវះកាត់ របស់សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា និងមានការ ចូលរួមពីគ្រូពេទ្យសមាគមចក្ខុខ្មែរ Khmer Sight Foundation-KSF រួមទាំងក្រុម គ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា សកម្មភាពចុះព្យាបាលជំងឺនេះនិងបន្តធ្វើរហូតគ្រប់ទាំង១០សង្កាត់ ក្នុងខណ្ឌទួលគោក ដែលនេះជាការជួយសម្រាកការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងការស្វែងរកកន្លែងព្យាបាលជំងឺ។ ក្នុងករណីដែលជំងឺរបស់ប្រជាពលរដ្ឋ ត្រូវការវះកាត់បន្ថែម ទៀតនោះ នឹងបន្តនាំយកទៅធ្វើការវះកាត់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបន្តទៀត ដើម្បីធ្វើយ៉ាងណាជួយពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានអរគុណដល់ក្រុមកាងារគ្រូពេទ្យទាំងពេទ្យរដ្ឋ និងឯកជន ក្រុមគ្រូពេទ្យ សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា ជាពិសេសមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្តក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោក ទាំងមូល។

បើតាមលោកវេជ្ជបណ្ឌិត Steve Swartz មានជំនាញផ្នែកជំងឺក្លន គ្រោះក្នុងថង់ប្រម៉ាត់ និងជំងឺផ្នែកពោះ បានបញ្ជាក់ថា ក្នុងការសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ ដើម្បីចុះព្យាបាលជំងឺនេះដែរ បើសិនជាមានអ្នកជំងឺដែលត្រូវការការវះកាត់នោះ ក្រុមការងាររបស់លោកនឹងនាំយកទៅដល់គ្លឺនិកផ្ទាល់ ដើម្បីធ្វើការវះកាត់ជូន ប្រជាពលរដ្ឋតែម្តង ដែលមានទីស្នាក់ការនៅក្នុងមន្ទីពេទ្យរុស្ស៊ីតែម្តង។

បើតាមក្រុមគ្រូពេទ្យសមាគមចក្ខុខ្មែរ បានឱ្យដឹងដែរថា សម្រាប់គោលដៅធំបំផុតរបស់សមាគម គឺជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានចេញផុតពីភាពងងឹត ដោយសារតែ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ភាគច្រើនគឺមានជំងឺឡើងបាយភ្នែក និងកន្ទុយថ្លែន ហើយការចុះពិនិត្យនេះដែរគឺដើម្បីធ្វើការស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ដើម្បីជួយក្នុងការវះកាត់ភ្នែកឱ្យមានភាពល្អប្រសើរឡើងផងដែរ៕