(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវសមានទឹកចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោក ម៉ុក ម៉ារ៉េត និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកា ឈា ឡាង ជាភរិយា ជាម្តាយ ជាម្តាយក្មេក ជាជីដូនប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមដំណើរ គាំពារ ជ្រោមជ្រែងក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ទោះបីរូបកាយរបស់មហាឧបាសិកា ឈា ឡាង បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូ ភាពតស៊ូអំណត់ព្យាយាម នឹងស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តស្វាមី កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឈា ឡាង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕