(សៀមរាប)៖ ផ្លូវបេតុងមួយខ្សែ ប្រវែង១,៨៧០ម៉ែត្រ តភ្ជាប់ពីផ្លូវបេតុងរបស់រដ្ឋបាលខេត្ត ដែលកសាងឡើងនៅឆ្នាំ២០១៨ ស្ថិតនៅជុំវិញភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានដាក់ឈ្មោះថា «ផ្លូវបេតុងព្រះតេជគុណ ហាប់ ចយ ភ្នំក្រោម ស៊ូវ៉ុន» បានបើកសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២២នេះ។

លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា ផ្លូវបេតុងប្រវែង ១,៨៧០ម៉ែត្រនេះ ត្រូវបានផ្តួចផ្តើមឡើងដោយព្រះតេជគុណ ហាប់ ចយ ចៅអធិការវត្តភ្នំក្រោម កាលពីព្រះអង្គនៅមានព្រះជន្ម បានរួមសាមគី្គគ្នាជាមួយអាជ្ញាធរ និងទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ អស់ថវិកាសរុប ២៨០,៥០០ដុល្លាសហរដ្ឋអាមេរិក។ ផ្លូវនេះបានតភ្ជាប់ផ្លូវបេតុង ដែលសាងសង់ឡើងដោយរដ្ឋបាលខេត្ត ជុំវិញជើងភ្នំក្រោមមានប្រវែងសរុប ៣,០៧០ម៉ែត្រ ព្រមទាំងបានដាក់ភ្លើងអំពូលសូឡាអមផ្លូវចំនួន ១៣៧បង្គោល និងប្រព័ន្ធលូកាត់ផ្លូវ ក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋផងដែរ។

ថ្លែងសំណេះសំណាលនាពេលនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីស្មារតី «ជ័យជំន្នះ ៧មករា ១៩៧៩», «គោលនយោបាយឈ្នះឈ្នះ» របស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិករសន្តិភាពនៅកម្ពុជា ទើបកម្ពុជាមានកិច្ចអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលក្រុង បានចាត់ទុកនូវសមិទ្ធផលផ្លូវមួយខ្សែនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងរួមចំណែកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសាធារណជនទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត តែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង និងស្របតាមសូចនាករនៃគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឆ្លៀតឱកាសនោះ លោក នួន ពុទ្ឋរ៉ា ក៏បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សូមនិមន្ត និងអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ដែលជាដូសជំរុញដោយឥតគិតថ្លៃ នៅតាមគោលដៅដែលរដ្ឋបាលក្រុង សង្កាត់បានរៀបចំ៕