(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា បានសម្តែងនូវសមានទឹកចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ មានសេចក្តីក្រៀមក្រំជាខ្លាំងដោយបានទទួលដំណឹងថា លោកជំទាវមហាឧបាសិកា ឈា ឡាង ជាភរិយារបស់ឯកឧត្តមបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:៤៤នាទី នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង១៦:៤៤នាទី នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវមហាឧបាសិកា ឈា ឡាង ជាភរិយា ជាម្តាយ ជាម្តាយក្មេក ជាជីដូនប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមដំណើរ គាំពារ ជ្រោមជ្រែងដល់ឯកឧត្តម ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនជារៀងរហូតមក។ ទោះបីរូបកាយរបស់លោកជំទាវបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរភាពតស៊ូអំណត់ព្យាយាមនឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តស្វាមី កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកា ឈា ឡាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕