(មណ្ឌលគិរី)៖ លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញបើកប្រជុំសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥ នៅខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ឯ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកភូមិភាគ៥, លោក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល, គណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែកសន្តិសុខសាធារណៈ, គណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែកពន្ធនាគារ, លោក លោកស្រីជា អភិបាលខេត្តចំនួន០៤ រួមមានខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងស្ទឹងត្រែង អភិបាលក្រុង/ស្រុក និងមន្រ្តីជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ៥ គោលបំណងដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឱ្យបានទូលំទូលាយកតាមលិខិតបទដ្ឋានគតិយុត្ត ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពសន្សំសំចៃលើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងប្រតិបត្តិការផ្សេងៗទៀត របស់អង្គភាពស្ថិតនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ៕