(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារបង្ហាញអារម្មណ៍ហាក់មិនទាន់អស់ចិត្ត ចំពោះភារកិច្ចរបស់សម្តេច ដែលមិនទាន់បានបំពេញនោះ គឺការចូលរួមបុណ្យខួប៧ថ្ងៃនៃមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុស ព្រោះសម្តេចតេជោ ត្រូវបំពេញភារកិច្ចសម្រាប់ប្រទេសជាតិ គឺដឹកនាំប្រតិភូទៅចូលរួមប្រជុំ អាស៊ាន-អាមេរិក នៅវ៉ាស៊ីនតោន។

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឪ្យឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនា បងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែង គឺមរណភាពបងប្រុសខ្ញុំ ដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមិញនេះ។

ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការ ដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណភាពរបស់បងប្រុសខ្ញុំ។

ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗ និងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតា មានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។

ភារកិច្ចប្រទេសជាតិ តម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះ គឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។

កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ាន ដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើង ដោយប្រទេសម្ចាស់ផ្ទះ។

ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យ និងនឹកដល់បងប្រុស ខ្ញុំបញ្ជាឪ្យអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយ ជុំជាការគោរពលាទាំងអាល័យ។

ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រសជាតិនៃការឈឺចាប់ គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក»