(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា បានសម្តែងនូវសមានទឹកចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងភរិយា «ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំជាខ្លាំង និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា លោកជំទាវមហាឧបាសិកា ឈា ឡាង ជាភរិយារបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:៤៥នាទី នៅទីក្រុងប៉ារីសប្រទេសបារាំង ត្រូវនឹងម៉ោង១៦:៤៤នាទី នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ»

«ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវ មហាឧបាសិកា ឈា ឡាង ជាភរិយា ជាម្តាយ ជាម្តាយក្មេក ជាជីដូនប្រកបដោយសង្គហធម៌ដ៏ប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមដំណើរគាំពារ ជ្រោមជ្រែងដល់ឯកឧត្តម ក្នុងការចូលរួមបម្រើជាតិ មាតុភូមិ និងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនជារៀងរហូតមក។ ទោះបីរូបកាយរបស់លោកជំទាវ បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នឹងនៅស្ថិតស្ថិរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តស្វាមី កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់»

«ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាឧបាសិកា ឈា ឡាង ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕