(ភ្នំពេញ)៖ ឯកឧត្ដម យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីក្រោមឱវាទទាំងអស់ បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម យឺម ណុលឡា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីក្រោមឱវាទទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោក ម៉ុក ម៉ារ៉េត និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកា ឈា ឡាង ជាភរិយា ជាម្តាយ ជាម្តាយក្មេក ជាជីដូនប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមដំណើរ គាំពារ ជ្រោមជ្រែងក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា បានគូសរំលេចថា ទោះបីរូបកាយរបស់មហាឧបាសិកា ឈា ឡាង បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូ ភាពតស៊ូអំណត់ព្យាយាម នឹងស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តស្វាមី កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីក្រោមឱវាទទាំងអស់ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឈា ឡាង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕