(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តស្វាយរៀង បានថ្លែងថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គជាតិ។ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាពល្អនាំឱ្យមានការអភិវឌ្ឍនោះនឹងចាកចេញផុតពីភាពក្រីក្រ។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត កែរ រដ្ឋា បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៥០នាក់ ចុះអប់រំផ្សព្វផ្សាយវិធានការបង្ការកូវីដ១៩ ចាក់វ៉ាក់សាំងបង្កាកូវីដ និងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៩៩៦នាក់ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់០៧ ឧសភា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន ៦,៧៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦នាក់ បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ១៩ យុទ្ធនាការចាក់វ៉ាក់ សាំងបង្កាកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុង ២៥ រាជធានី-ខេត្ត បានចំនួន ៥៨១លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៨,០០៦,៣៣៨នាក់ ក្នុងនោះស្ត្រីមានចំនួន ៤,២៩៣,៧១១នាក់ ដោយសហការជាមួយអាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត សាខាសកម្មជន ក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ដោយឡែកនៅក្នុងខេត្តស្វាយរៀង បានចំនួន ២៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១២,៣៦៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៧,២៨៦នាក់។

លោកបានបន្ថែមថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ២,៥៦៣នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងដោយស្ម័គ្រចិត្តឥតគិត ថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋ តាមមូលដ្ឋាននានា ក្នុង១៩រាជធានី-ខេត្តរួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដោយចាក់វ៉ាក់សាំងបានចំនួន ៧,៣៩២,៤០៥ដូស។

លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ការចុះអប់រំផ្សព្វផ្សាយបង្កាជំងឺកូវីដ១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការរបស់សុខាភិបាល «៣ការពារ និង៣កុំ » សង្គ្រោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។

លោកបណ្ឌិតបានបន្តថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ មានតែសម្តេចតេជោទេដែលមានទេពកោសល្យពីកំណើតនៅក្នុងពិភពលោកកម្ររកបានមានប្រាជ្ញាឈ្លាសវៃប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិមានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូចនេះ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សព្រោះថាតាមរយៈគោលនយោបាយនេះ ហើយដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយសូម្បីតែសម័យអ៊ុនតាក់ ដែលបានមករៀបចំប្រទេសកម្ពុជានោះ ក៏មិនមានសមត្ថភាពធ្វើឱ្យកម្ពុជាមានសន្តិភាពដែរ។

សូមបញ្ជាក់ថា ការពិគ្រោះព្យាបាលជំងឺរួមមាន៖ ជំងឺព្យាបាលជំងឺទូទៅ មនុស្សចាស់ កូនក្មេង ពិនិត្យផ្ទៃពោះ រោគស្ត្រី វះកាត់តូច ព្យាបាលរបួស ភ្នែក ធ្មេញ ច្រមុះ មាត់ បំពង់ក ឆ្លុះអេកូសាស្រ្ត ថតសួត វាស់ចង្វាក់បេះដូង និងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤៕