(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានក្រើនរំឮកដល់មន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវបំពេញភារកិច្ច តួនាទីរបស់របស់ខ្លួនឱ្យមានតម្លាភាព ឯកភាពផ្ទៃក្នុង និងបម្រើប្រជាជនក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា។

ការក្រើនរំឮកបែបនេះ របស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញជាតំណាងលោក
បណ្ឌិត ជា ចាន់តូ ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ធំ ជួបសំណេះសំណាល និងប្រគល់ថវិកាចំនួន ១៦០,០០០,០០០រៀល ដល់គណបក្សឃុំទាំង១១ នៅស្រុកកំពង់ស្វាយ ដើម្បីចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ នៅស្នាក់ការគណបក្សស្រុក កំពង់ស្វាយ នាព្រឹកថ្ងៃទី០៩ ឧសភាព ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះលោកស្រី បានក្រើនរំឮកបន្ថែមដល់មេឃុំ និងក្រុមការងារទាំងអស់ត្រូវគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងបង្កើនការទំនាក់ទំនង និងកិច្ចសហការល្អជាមួយក្រុមការងារ និងប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីឱ្យពួកគាត់មានការជឿទុកចិត្តនៅការងារដឹកនាំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវចុះពិនិត្យមើលការងារមូលដ្ឋានតាមបណ្ដាឃុំទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងត្រូវពិនិត្យមើលការបម្រើសេវាសាធារណៈ ជូនដលប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈនេះប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនោះដែរ លោកស្រី ឃួន ឃុនឌី បានសង្កត់ធ្ងន់ថា «អាជ្ញាធរមូលដ្ឋានត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសត្រូវការពារប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍មិនស្របច្បាប់របស់ជនខិលខូចមួយចំនួននោះទេ និងចូលរួមទប់ស្កាត់បង្ក្រាបនូវបទល្មើសនានា ដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងជួបដោះស្រាយនូវបញ្ហាប្រឈមនានា និងសំណូមពរជូនពួកគាត់ឱ្យបានទាន់ពេលវេលា»។

លោកស្រី ឃួន ឃុនឌី ក៏បានផ្តាំផ្ញើក្រុមការងារទាំងអស់ត្រូវខិតខំពង្រឹងកម្លាំងសាមគ្គីភាពគ្នា និងក្នុងការងារអភិវឌ្ឍន៍ ហើយត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក អំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន ដើម្បីទទួលបានជ័យជម្នះក្នុងការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ៕