(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បាននាំយកជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) សរុបជាទឹកប្រាក់ប្រមាណ ២២.០០០ដុល្លារអាម៉េរិក ទៅចែកជូនសាលាបឋមសិក្សាចំនួន៧ ស្ថិតនៅខេត្តតាកែវ និងខេត្តព្រះសីហនុ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានមានប្រសាសន៍ថា «មូលនិធិ CFPD បានផ្តល់ជំនួយតាមរយៈ វ.ស.ស. នូវកុំព្យូទ័រចំនួន ២គ្រឿង ម៉ាស៊ីនព្រីន ១គ្រឿង តុ ១០ និងកៅអី ២០ សម្រាប់សាលារៀននីមួយៗ សំដៅចូលរួមលើកកម្ពស់ការអានរបស់សិស្សានុសិស្ស ដែលជាផ្នែកមួយនៃការពង្រឹងគុណភាពអប់រំនៅកម្ពុជា។ វ.ស.ស. បាននាំយកនូវជំនួយទាំងនេះ ជូនសាលាបឋមសិក្សាអង្គកំនប់ និងវិទ្យាល័យ សុខអាន ដូងខ្ពស់ បុរីជលសារ ក្នុងខេត្តតាកែវ និងសាលារៀន ៥ទៀត នៅខេត្តព្រះសីហនុ រួមមានសាលាបឋមសិក្សាដីក្រហម សាលាបឋមសិក្សាស្ទឹងឆាយ សាលាបឋមសិក្សាសំរុង សាលាបឋមសិក្សាចំការកៅស៊ូ និងសាលាបឋមសិក្សាកំពេញ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំសាលារៀនទាំងនេះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ CFPD ដែលបានផ្តល់សម្ភារៈសិក្សា ជាពិសេសសម្រាប់បណ្ណាល័យដែលជាទីប្រមូលផ្តុំនៃចំណេះដឹងសម្រាប់សិស្សានុសិស្ស។»

លោកបានបន្ថែមទៀតថា «កាលពីខែមីនាកន្លងទៅ យើងទើបបានចែកជូននូវជំនួយជាសម្ភារៈសិក្សាចំនួន ៣០.០៥៦កញ្ចប់ និងកង់ចំនួន ១.០០០គ្រឿង ចែកជូនសិស្ស ១៧៩សាលារៀន ស្ថិតនៅខេត្តចំនួន៩ ដែលជាជំនួយកៀរគរដោយមូលនិធិ CFPD នេះដែរ។ ក្នុងនាមជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា វ.ស.ស. នឹងបន្តកៀរគរនូវជំនួយសប្បុរសធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។»