(អាប៊ូដាប៊ី)៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាបេសកកម្មពិសេស របស់កម្ពុជាប្រចាំអង្គការសហប្រតិបត្តការឥស្លាម (OIC) បានជួបពិភាក្សាការងារជាមួយ លោក Hissein Brahim Taha អគ្គលេខាធិការ OIC នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តការឲ្យកាន់តែរឹងមាំថែមទៀតរវាងប្រទេសកម្ពុជា និង OIC ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។ OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេស ជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក។

ក្នុងជំនួបនេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោក អគ្គលេខាធិការពីស្ថានការណ៍នៅកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដោយមិនរើសអើងពូជសាសន៍។ ក្នុងនោះសហគមន៍ឥស្លាមក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

លោកបានបន្ថែមថា ក្នុងពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ១៩ អាចបញ្ចុះសព និងទទួលបានថវិកាជូនគ្រួសារសពចំនួន ២លានរៀល និងថែមទាំងបានផ្តល់ដីទុកជាកន្លែងបញ្ចុះសពទៀតផង។ រាជរដ្ឋាភិបាលសម្រេចបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ បានជាង ៩៣% ដែលមានដូសទី៣ ទី៤ និងអាចមានទី៥ ថែមទៀត និងបានសម្រេចបើកសេដ្ឋកិច្ចប្រទេសឡើងវិញទាំងស្រុង ក្នុងនោះម៉ាស្ជិត សូរ៉ាវ និងសាលាសាសនាទាំងអស់ក៏ត្រូវបានបើកទ្វារផងដែរ។

លោក Hissein Brahim Taha បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងបានធ្វើឲ្យស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាល ក៏ដូចជាបានអនុញ្ញាតជូនដល់សហគមន៍ខ្មែរឥស្លាម បានប្រតិបត្តិសាសនាឡើងវិញ។

លោកអគ្គលេខាធិការ OIC ក៏បានបញ្ជាក់នូវការបន្តកិច្ចប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងភាគីទាំងពីរលើគ្រប់វិស័យ៕