(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទ បានសម្តែងនូវសមានទឹកចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោក ម៉ុក ម៉ារ៉េត និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកា ឈា ឡាង ជាភរិយា ជាម្តាយ ជាម្តាយក្មេក ជាជីដូនប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមដំណើរ គាំពារ ជ្រោមជ្រែងក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើន។

ទោះបីរូបកាយរបស់មហាឧបាសិកា ឈា ឡាង បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូ ភាពតស៊ូអំណត់ព្យាយាម នឹងស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តស្វាមី កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។

យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឈា ឡាង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕