(បន្ទាយមានជ័យ)៖ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ, ព្រៃវែង, កំពង់ចាម, រតនគិរី, មណ្ឌលគិរី, ឧត្តរមានជ័យ, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រះវិហារ និងស្ថាប័ន អង្គភាពពាក់ព័ន្ធសរុប ៥០នាក់។

បើតាមលោកស្រី រស់ សុផានី បញ្ហាគ្រឿងញៀនជាមូលហេតុមួយដែលជំរុញ និងបង្កឱ្យមានបទល្មើសផ្សេងៗ គំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ សហគមន៍ ដែលពាក់ព័ន្ធបញ្ហានេះ ខេត្តបានបន្តរួមចំណែកជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ បង្ការបង្រ្កាប និងព្យាបាលអ្នកញៀនគ្រឿងញៀន និងបន្តអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោកប្រឆាំងគ្រឿងញៀន «៣កុំ មួយរាយការណ៍»

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ នាឱកាសនោះឧត្តមសេនីយ៍ទោ លឹម តុងហួត បានថ្លែងអំណរគុណដល់លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល ហើយការចូលរួមសកម្មភាពគ្រប់ សមាសភាព ក្នុងសហគមន៍ពិតជាមានសារសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនទាំងទីក្រុង និងទីជនបទ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅក្នុងនោះមានយុវជន យុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ។

ក្នុងនាមលោកស្រី អ៉ឹង កន្ថាផាវី នាឱកាសនោះដែរ លោកស្រី ឡុង សុផល្លី បានប្រសាសន៍ថា តាមការចុះសិក្សាពីស្ថានភាពស្រ្តីជាប់ឃុំនៅតាមពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត រកឃើញថាស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀនប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះលោកស្រី ឡុង សុផល្លី បានបន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះ យកទៅប្រើប្រាស់ជាមូលដ្ឋានផ្តល់ចំណេះដឹង និងកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី ឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍។

តាមរបាយការណ៍ ឆ្នាំ២០២១ កម្ពុជាគ្រប់គ្រងអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនចំនួន ១៦,២៦៤នាក់ ក្នុងនោះមុខរបរមន្រ្តីរាជការ២% សិស្សានុសិស្ស ៣% កម្មករ២៥% អ្នកជំនួញ៧% មុខរបរមិនពិតប្រាកដ ៣៤% ជនអាណាថា ១០% និងផ្សេង១៩%៕