(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារតាមបណ្តាញតេឡេក្រាមថា នៅវេលាម៉ោងប្រមាណ ២៖៤៥នាទី រសៀលថ្ងៃទី១០ ខែឧសភា (ម៉ោងនៅសេអ៊ូល) សម្តេច និងគណៈប្រតិភូ បានអញ្ជើញដល់ក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីចាក់សាំងយន្តហោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា បន្ទាប់ពីចាក់សាំង និងសម្រាកអាហាររួចនោះ សម្តេច និងគណៈប្រតិភូ នឹងបន្តហោះចេញពីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទៅកាន់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិក ដោយចំណាយពេលហោះ ប្រមាណ ៧ម៉ោង និង៣០នាទី។ បន្ទាប់ពីចុះចាក់សាំងនៅអាឡាស់ស្កា សម្តេច និងគណៈប្រតិភូ នឹងបន្តហោះទៅក្រុងវ៉ាស៊ីនតោន ដែលចំណាយពេលហោះប្រមាណ ៦ម៉ោង និង២៥នាទី។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូនឹងហោះទៅដល់ក្រុងវ៉ាស៊ីនតោន វេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។

រៅតែពីជូនព័ត៌មានពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយនោះ នៅក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតផ្តល់ព័ត៌មាន នៃការទទួលបានថវិកាជំនួយរបស់កាកបាទក្រហមកម្ពុជាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនប្រមាណ ១៦លានដុល្លារអាមេរិក។

សម្តេចតេជោ បានចាត់ទុកចំនួនថវិកានេះ ជាចំនួនមួយដ៏ច្រើន បើទោះបីមិនមានពិធីជួបជុំប្រារព្ធពិធីក៏ដោយ។ សម្តេចតេជោ បានចាត់ទុកការចូលរួមរបស់សប្បុរសជននឹងរួមចំណែកឱ្យកាកបាទក្រហម បានធ្វើសកម្មភាពនានាជួយដល់ប្រជាពលរដ្ឋខ្វះខាត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណព្រះគុណព្រះមហាកស្ត្រ និងសម្តេចម៉ែ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ទៀតថា នៅពេលអញ្ជើញដល់សហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី១០ ខែឧសភា សម្តេចនឹងមានការជួបពិសារអាហារជាមួយពលរដ្ឋខ្មែរនៅអាមេរិក ជាង ១០រូប ហើយនៅថ្ងៃទី១១ ខែឧសភា សម្តេចនឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិកផងដែរ។

សម្តេ ចតេជោ បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលកំពុងរង់ចាំទទួលដំណើរ និងជួបសំណេះសំណាលជាមួយសម្តេច៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/92670