(ភ្នំពេញ)៖ កម្ពុជា និងស្រីលង្កាបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរក៏បានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ចទៅវិញទៅមកជាដើម។

ការចុះអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឆាមីនដា អ៉ី. ខូឡូនណេ (Chaminda I. Colonne) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

មុននឹងចុះហត្ថលេខាលើអនុស្សរណៈនេះ ថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាលើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញចលនាទេសចរពីគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាបានដកនូវលក្ខខណ្ឌជាច្រើនដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូចជា ការដកចេញនូវលក្ខខណ្ឌដែលតម្រូវឱ្យធ្វើតេស្តPCR៧២ម៉ោង ការលើកលែងការធ្វើតេស្តរហ័សនៅពេលមកដល់ និងបានអនុវត្តឡើងវិញនូវការស្នើសុំទិដ្ឋការក្នុងពេលមកដល់ (Visa on arrival) ព្រមទាំងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈកម្ពុជាក៏កំពុងផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅផងដែរ។ និយាយរួម កម្ពុជាបានត្រៀមរួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកយោបល់ទៅកាន់ភាគីស្រីលង្កាពាក់ព័ន្ធនឹងការជំរុញឱ្យមានការហោះហើរត្រង់ កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្នប្រទេសទាំងពីរមិនទាន់ការហោះហើរត្រង់នៅឡើយទេ ពោលភ្ញៀវត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៉ី ឬសិង្ហបុរីជាមុនសិន ទើបបន្តមកដល់កម្ពុជាតាមក្រោយ។

កម្ពុជា-ស្រីលង្កាក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរកាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា ហើយប្រជាជនកម្ពុជាក៏និយមធ្វើទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនាទៅកាន់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌាផងដែរ។ កម្ពុជាធ្លាប់មានបទពិសោធន៍រួចហើយក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពុទ្ធសាសនា (Buddhist Tourism) នេះ ដោយកាលពីពេលកន្លងទៅ កម្ពុជាបានសហការជាមួយឥណ្ឌូណេស៉ី ឡាវ មីយ៉ាន់ម៉ា ថៃជាដើម រៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ម្តងរួចមកហើយកាលពីឆ្នាំ២០១១ នៅប្រាសាទអង្គរវត្ត។

ភាគីទាំងពីរក៏បានជំរុញឱ្យមា នការផ្លាស់ប្ដូរទស្សនកិច្ចរបស់ព្រះសង្ឃ គ្រឹះស្ថានឧត្តមសិក្សា ពុទ្ធសាសនបណ្ឌិត្យនៃប្រទេសកម្ពុជា និងស្រីលង្កាទៅវិញទៅមកនាពេលអនាគត។

ភាគីកម្ពុជា-ស្រីលង្កាក៏បានពិភាក្សាគ្នាលើការជំរុញឱ្យមានការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាមួយគ្នាឱ្យបានច្រើនដែរ ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរទៅវិញទៅមក និងភ្ញៀវទេសចរប្រទេសទី៣។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កាទៀតថា បច្ចុប្បន្នកំពុងសហការជាមួយក្រសួងធម្មការ និងសាសនាជំរុញឡើងវិញនូវការអនុវត្តផែនការរៀបចំវត្តទេសចរណ៍គំរូនៅទូទាំងប្រទេស ដោយក្នុងខេត្តនីមួយៗត្រូវមានវត្តទេសចរណ៍គំរូយ៉ាងតិច២វត្ត ដើម្បីបង្កើនផលិតផលទេសចរណ៍ចូលរួមទាក់ទាញចលនាទេសចរជាតិ-អន្តរជាតិបន្ថែម។

ដើម្បីជំរុញឱ្យការងារអនុវត្តអនុស្សរណៈរវាងកម្ពុជា និងស្រីលង្កាប្រព្រឹត្តទៅបានល្អ និងទទួលបានលទ្ធផលផ្លែផ្កាគាប់ប្រសើរ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យមានការជួបប្រជុំក្រុមការងារភាគីទាំង២ក្នុងពេល៣ខែម្ដង ខណៈសំណើនេះក៏ទទួលបានការឯកភាពពីលោកស្រីឯកអគ្គរដ្ឋទូស្រីលង្កាផងដែរ៕