(ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជាមានទូកប្រមូលសំរាមដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ហៅថា CollectiX សម្រាប់ប្រើប្រាស់ក្នុងការសម្អាតសំរាមនៅតាមទន្លេ ខណៈទូកប្រមូលសំរាមនេះគ្រប់គ្រងដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដូច្នេះប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយមានសំរាមនៅក្នុងទឹក អាជ្ញាធររាជធានី-ខេត្តអាចស្នើសុំទូកនេះចុះទៅប្រមូលសំរាមក្នុងមូលដ្ឋានរបស់ខ្លួនបាន។

ដើម្បីជំរុញឱ្យយុទ្ធនាការផ្សព្វផ្សាយបានទូលំទូលាយ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធនាការសម្អាតទន្លេដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ CollectiX» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានអ្នកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ប្រមាណ១២០នាក់

នាឱកាសពិធីផ្សព្វផ្សាយនោះ លោក ជា បូរ៉ា បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានសហការជាមួយសហគ្រាសសង្គម Everwave អង្គការ River Ocean Cleanup និងសាលារាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ CollectiX។ យុទ្ធនាការសម្អាតទន្លេនេះដើរស្របទៅនឹងយន្តការប្រឡងប្រណាំងទីក្រុងស្អាតដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១១ ហើយយន្តការវាយតម្លៃផ្តោតលើស្តង់ដាទីក្រុងស្អាត។

លោកបានបន្តថា សព្វថ្ងៃនេះ យុទ្ធនាការសម្អាតទន្លេនេះកំពុងអនុវត្តយ៉ាងសកម្មជាមួយដៃគូអនុវត្តក្នុងការប្រមូលសំរាមចេញពីដងទន្លេនៅក្នុងរាជធានីភ្នំពេញ ដែលមានអមជាមួយការសម្អាតតាមបណ្តោយច្រាំង និងការអប់រំបរិស្ថានជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
លោកបានបន្តទៀតថា ដោយមើលឃើញពីលទ្ធផល និងសក្តានុពលនៃយុទ្ធនាការសម្អាតទន្លេនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអនុញ្ញាតជាគោលការណ៍ក្នុងការបន្តកិច្ចសហការជាមួយអង្គការ River Ocean Cleanup និង Everwave ដើម្បីពង្រីកវិសាលភាពនៃយុទ្ធនាការសម្អាតទន្លេនេះទៅតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្អាតទន្លេបឹងបួដែលកំពុងជួបប្រទះបញ្ហាបំពុលដោយសំរាម។ ដូចនេះជាសក្ខីភាពនៃកិច្ចសហការ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍នឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីបេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត សំដៅលើកកម្ពស់ទីក្រុងស្អាត និងវិស័យទេសចរណ៍ ជាមួយនឹងអង្គការ River Ocean Cleanup និង Everwave GmbH នៅថ្ងៃនេះ។

លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេនេះគ្រោងនឹងពង្រីកវិសាលភាពទៅទូទាំងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ ក្នុងន័យនេះ ក្រុមការងារស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តទាំងអស់ ដើម្បីជ្រើសរើសទីតាំង និងផ្តល់កិច្ចសហការដើម្បីការអនុវត្តយុទ្ធនាការនេះសម្រេចបានប្រកបដោយភាពជោគជ័យ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើនៅតាមដងទន្លេ ឬកន្លែងណាមួយមានសំរាមនៅក្នុងទឹក អាជ្ញាធរខេត្តនីមួយៗ ឬអាជ្ញាធរមូលដ្ឋានអាចស្នើសុំទូកនេះចុះទៅប្រមូលសំរាមក្នុងមូលដ្ឋានរបស់ខ្លួនបាន ហើយក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងផ្ដល់កិច្ចសហការជាមួយ»

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងកញ្ញា ចាកឃ្លីន ផាស្តឺរ (Jacqueline Paster) អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន everwave បានធ្វើបទបង្ហាញស្តីពីយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅរាជធានីភ្នំពេញ ដោយប្រើទូកប្រមូលសំរាមបំពាក់បច្ចេកវិជ្ជាថ្មីរបស់អាល្លឺម៉ង់ CollectiX ក្រោមកិច្ចសហការពី គ.ជ.វ.ទ. និងរដ្ឋបាលរាជធានីភ្នំពេញបានកំពុងអនុវត្តនូវសកម្មភាព ដូចជា ១.ប្រើប្រាស់ទូកដើម្បីប្រមូលសំរាម ២.ការសម្អាតនៅលើដី ៣.ការបង្កើតមជ្ឈមណ្ឌលគ្មានសំណល់ដែលជាទីតាំងបែងចែក និងរៀបចំសំរាម ៤.ការបង្កើនការយល់ដឹង ៥.ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម និង៦.ការរឹតបន្តឹងការអនុវត្តច្បាប់។

លោករដ្ឋលេខាធិការ ជា បូរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសម្អាតទន្លេ ដងស្ទឹង បឹងបួ និងបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិទាំងអស់គ្នា ដើម្បីសម្រេចបាននូវភាពស្អាតដែលមានសារៈសំខាន់បំផុតក្នុងការថែរក្សានិងបង្កើនទេសភាពស្រស់ត្រកាល ប្រណីតភាព បរិស្ថានល្អ អនាម័យ សុវត្ថិភាព និងជាតម្រូវការចាំបាច់សម្រាប់ការជំរុញការស្តារវិស័យទេសចរណ៍យើងនៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកថា «ល្គឹកណាមានការចូលរួមទាំងអស់គ្នាទើបយើងទាំងអស់គ្នាអាចសម្រេចបាននូវភាពស្អាតដែលធ្វើឱ្យប្រទេសកម្ពុជាយើងកាន់តែមានភាពស្រស់បំព្រង និងបៃតង សក្តិសមនឹងកិត្តិនាមកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»

គួរជម្រាបថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave ក៏បានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នាស្តីពីបេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្ត្រ សំដៅលើកកម្ពស់ទីក្រុងស្អាត និងវិស័យទេសចរណ៍ ក្នុងគោលបំណងជំរុញធ្វើឱ្យទីក្រុងស្អាត ទន្លេគ្មានសំរាម សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង តាមរយៈការសម្អាតសំរាមចេញពីទឹកទន្លេ និងសមុទ្រ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ប្រទេសអាល្លឺម៉ង់ ការលើកកម្ពស់ចំណេះដឹងស្តីពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងបរិស្ថានស្អាត ផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់តាមផ្ទះ ជាពិសេសក្នុងភូមិសាស្រ្តតាមខេត្តគោលដៅទេសចរណ៍ដែលមានភូមិសាស្រ្តជាប់ទន្លេ និងសមុទ្រ៕