(កំពង់ធំ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ប្រធានអង្គភាពទាំងអស់ត្រូវរៀបចំធ្វើផែនការឲ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់អង្គភាព។

លោក ចាន់ តារា បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

លោកបន្តថា ការធ្វើផែនការអភិវឌ្ឍ ៥ ឆ្នាំ ជាឯកសារដែលរៀបចំឡើងដោយមានការប្រមូលផ្ដុំធាតុចូល ពីគ្រប់ស្ថាប័នអង្គភាពនិងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់រួមគ្នា ពីសក្តានុពលធនធាន បញ្ហាប្រឈម តម្រូវការនិងដំណោះស្រាយនានាដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិ ៥ ឆ្នាំ របស់ក្រុមប្រឹក្សា ហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ជាមួយគ្នានេះ លោកបានបញ្ជាក់ផងដែរថាអស់លោកលោកស្រី ដែលជាតំណាងស្ថាប័នអង្គភាពជំនាញជាពិសេសក្រុង ស្រុក ដែលធ្វើការងារផ្ទាល់ជាមួយ ឃុំ សង្កាត់ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ក្នុងការវិភាគពីស្ថានភាពបច្ចុប្បន្ន កំណត់បញ្ហា និង តម្រូវការអាទិភាព ដើម្បីជាធាតុចូលក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ការធ្វើផែនការនេះមិនមែនអ្នកធ្វើផែនការអង្គុយគិត សរសេរតែម្នាក់ឯងនោះទេ ត្រូវប្រឹក្សាឆ្លងយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យផែនការរបស់ខ្លួនបានល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់អង្គភាព ព្រោះថាប្រធានអង្គភាពជាអ្នកទទួលខុសត្រូវ៕