(ស្វាយរៀង)៖ ប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅម្នាក់ និងមនុស្សប្រុសស្រី២នាក់ទៀត បានរងរបួសដោយសារខ្សែរភ្លើងដាច់ធ្លាក់តាមផ្លូវបណ្ដាលឲ្យទាក់កនិងទាក់ដៃម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែក បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ វង្ស ពេទ្យ អាយុ៥៧ ឆ្នាំមុខរបរប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅ រស់នៅស្រុករមាសហែក ត្រូវខ្សែភ្លើងឆក់ដៃ
*ទី២៖ ឈ្មោះ ព្រំ សុម៉ាលី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឈ្នាងឃុំត្រពាំងស្ដៅ ស្រុករមាសហែក
*ទី៣៖ ឈ្មោះ ព្រំ ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងរុន ឃុំចន្ត្រី ស្រុករមាសហែក។

បើតាមអ្នកភូមិ បានឲ្យដឹងថា មុនកើតហេតុមានមនុស្សប្រុសស្រី៣នាក់ បានធ្វើដំណើរតាមផ្លូវ ខណៈដែលកំពុងបើកម៉ូតូស្រាប់តែមានខ្សែភ្លើងបានដាច់ធ្លាក់មកលើបណ្ដាលឲ្យទាក់កនិងទាក់ដៃម៉ូតូ និងឆក់ដួលច្រង៉ាប់ច្រងឹលបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងព្រឹកតែម្តង។

សមត្ថកិច្ចបានបន្តថា អ្នករងរបួសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងស្ដៅ ស្រុករមាសហែកភ្លាមៗផងដែរ៕