(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរានៅយប់ថ្ងៃទី១៣ ខែឧសភានេះ បានចេញសេចក្តីប្រកាសមួយដើម្បីបញ្ជាក់ពីស្ថានភាព ដើមឈើដែលបានរលំ ក្នុងឧទ្យានអង្គរ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ដែលបណ្តាលមកពីខ្យល់កន្ត្រាក់។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា បានបញ្ជាក់ថា នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣៖៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង នៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះបានបណ្ដាលឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖

១៖ នៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង មានដើមយាងមួយដើមបាក់រលំសង្កត់លើតូបដូនជីស្នាក់នៅបណ្ដាលឲ្យខូច ខាតមួយចំនួន។
២៖ នៅបរិវេណចំណតមុខភ្នំបាខែង បាក់មែកយាងធំៗចំនួន៤មែក តែពុំបង្កឲ្យមានខូចខាតអ្វីទេ។
៣៖ លើភ្នំបាខែងជ្រុងខាងកើតឈាងខាងត្បូងប្រាសាទ រលំដើមកន្ទ្រៀកមួយដើម ទំហំមុខកាត់ប្រហែល០.៦០ម៉ែត្រ បណ្ដោយជាង១០ម៉ែត្ររលំលើគំនរថ្ម ចុងមែកបោកប៉ះចំបណ្ណាល័យប្រាសាទខ្លះៗតែពុំបណ្ដាលឲ្យខូចខាតទេ។
៤៖ នៅមុខផ្សារយាងធំ ខ្យល់បោកខ្លាំងចំតូបអ្នកលក់បណ្ដាលឲ្យរលំ និងប៉ើងដំបូលតូបអស់មួយចំនួន និងបាក់មែកយាងមួយមែកធំតែនៅទើដើមឈើនៅឡើយ។
៥៖ មុខកសិណខាងលិចឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមសង្កែមួយដើមប្រវែងប្រហែល៧ម៉ែត្រ រលំកាត់ផ្លូវ។ ក្រោយភ្លៀង និងខ្យល់បានស្ងប់បន្តិចដើមឈើនោះ ត្រូវបានក្រុមអភិរក្សព្រៃរបស់អាជ្ញាធរជាតិអប្សរាកាប់សម្អាតយកចេញបានរួចរាល់ហើយ។
៦៖ មាត់កសិណជ្រុងខាងលិច ឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមយាងពីរដើម រលំសង្កត់លើថ្មកសិណ តែពុំបណ្ដាលឲ្យមានការខូចខាតទេ។
៧៖ ជ្រុងខាងត្បូងឈាងខាងលិច នៃខឿនប្រាសាទអង្គរវត្ត ដើមត្នោតមួយដើមបានបាក់មួយ កំណាត់តែពុំបណ្ដាល ឲ្យមានការខូចខាតថ្មប្រាសាទទេ។
៨៖ ទីតាំងជាប់កំពែងខាងកើតប្រាសាទអង្គរវត្ត រលំដើមក្រឡាញ់មួយដើម មុខកាត់ប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល១២ម៉ែត្រ ពុំបណ្ដាលឲ្យខូចខាតថ្មប្រាសាទទេ។
៩៖ កំពែងខាងជើងប្រាសាទអង្គរវត្ត ដើមស្នួលមួយដើមទំហំមុខកាត់ប្រហែល ១ម៉ែត្រ និងបណ្ដោយប្រហែល២០ម៉ែត្រ បានរលំគងលើកំពែងតែពុំបណ្ដាល ឲ្យមានការខូចខាតទេ។
១០៖ តាមបណ្ដោយផ្លូវក្រួសក្រហម ខាងកើតប្រាសាទអង្គរវត្ត បាក់ដើមយាងមួយដើម មុខកាត់ប្រហែល ០.៨០ម៉ែត្រ បណ្ដោយប្រហែល១៥ម៉ែត្រ សង្កត់ចំស្នាក់ការនគរបាល ការពារបេតិកភណ្ឌ បណ្ដាលឲ្យខូចខាតមួយចំនួន។
១១៖ បរិវេណខាងជើងអង្គភាព នគរបាលការពារបេតិកភណ្ឌ មុខប្រាសាទអង្គរវត្ត រលំផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ត្រង់ម្ដុំបរិវេណចំណតបណ្ដោះអាសន្ន។
១២៖ នៅក្នុងបរិវេណព្រៃក្រៅ ពីទីតាំងប្រាសាទក៏មានដើមឈើមួយចំនួន បានបាក់ដែរតែអាជ្ញាធរកំពុងសរុបទិន្នន័យ ជាងបន្តបន្ទាប់ទៀត។

ក្រោយហេតុការណ៍ភ្លៀង និងខ្យល់បានស្ងប់បន្តិច ភ្នាក់ងារអភិរក្សព្រៃឈើរបស់ អាជ្ញាធរជាតិអប្សរាក៏បានធ្វើអន្តរាគមន៍ជាបន្ទាន់ កាប់លះយកចេញនូវដើមឈើ ដែលរលំកាត់ផ្លូវ ដើម្បីសម្រួលចរាចរណ៍ជាបន្ទាន់ និងដើមឈើដែលរលំសង្កត់ប្រាសាទមួយចំនួនទៀត ក៏បានកាប់លះមែក ដើម្បីសម្រាលទម្ងន់ កុំឲ្យប៉ះពាល់ប្រាង្គប្រាសាទដែរ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានការខូចខាត ដល់ប្រាង្គប្រាសាទទេ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងបំពេញការងារយ៉ាងសកម្ម និងបន្តទៅថ្ងៃស្អែកទៀត៕