(ភ្នំពេញ)៖ តាមរយៈលើបណ្តាញតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូបានអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិកហើយនៅវេលាម៉ោងប្រមាណ ៧៖២០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅអាឡាស់ស្កា) ត្រូវម៉ោងប្រមាណ ១០៖២០នាទីយប់ម៉ោងនៅកម្ពុជា បន្ទាប់ពីចំណាយពេលហោះហើររយៈពេល ៧ម៉ោង និង៣០នាទី ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីរបាយការណ៍របស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជា មិនមានការឆ្លងជំងឺកូវីដ១៩ ហើយក៏មិនមានករណីស្លាប់ផងដែរ ខណៈអ្នកជំងឺនៅសល់ត្រឹមជាង ២០នាក់ប៉ុណ្ណោះ។ ថ្ងៃនេះ គឺជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ បានថ្លែងថា នេះជាជោគជ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយបានផ្តល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ និងប្រជាពលរដ្ឋខ្មែរ ដែលបានជូនពរការធ្វើដំណើររបស់សម្តេចទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលបានអញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ធិសកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ សម្តេចតេជោ បានហៅការអញ្ជើញចូលរួមនេះ គឺជាការរំលែកនូវក្តីក្រៀមក្រំរបស់សម្តេច ដែលមិននៅរៀបចំពិធីបុណ្យព្រោះតែជាប់កាតព្វកិច្ចចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំជួបស្វាគមន៍ និងសំណេះសំណាលជាមួយសម្តេច។
សូមបញ្ជាក់ថា បន្ទាប់ចុះចាក់សាំងនៅរដ្ឋអាឡាស់ស្កាហើយនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងបន្តហោះទៅកាន់ក្រុងវ៉ាស៊ីនតោន ដែលចំណាយពេលហោះជាង ៦ម៉ោងទៀត។ តាមការគ្រោងទុកសម្តេចតេជោ នឹងអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន ម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងម៉ោងប្រមាណជា៣ទៀបភ្លឺថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា៕