(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយ នៅវេលាម៉ោង១៩៖៣៣នាទី (ថ្ងៃទី១០ ខែឧសភា) ដែលត្រូវនឹងម៉ោង៦៖៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៧៖៤៥នាទី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលរយៈពេល ៤៥ឆ្នាំមកហើយនោះ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ាន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃត្រូវបានធ្វើឡើង តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់នៅក្នុងកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន ដែលនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយលោក ចូ បៃដិន។

យោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងទៅ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

ក្រៅតែពីរអ្វីដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះ នៅក្នុងលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ លោក ចូ បៃដិន បានលើកឡើងថា កិច្ចប្រជុំនេះ ជាឱកាសមួយសម្រាប់អាស៊ាន និងអាមេរិក លើកឡើងអំពីមហិច្ឆតារួម សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

តបនឹងលិខិតអញ្ជើញរបស់លោក ចូ បៃដិន, សម្តេចតេជោ ហ៊ុន សែន បានហៅការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន ថា ជាជំហានឆ្ពោះទៅមុខ ឈានទៅរកការដំឡើងភាពជាដៃគូរវាងអាស៊ាន-អាមេរិក ឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ក៏បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក លើគ្រប់វិស័យ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់អាស៊ាន-អាមេរិក ពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកជំទាវ ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។

ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។

ក្រសួងការបរទេសក៏បានឱ្យដឹងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា តាមការគ្រោងទុកក្នុងដំណើរអញ្ជើញទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងឆ្លៀតជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិកផងដែរ ដើម្បីបានជួបសួរសុខទុក្ខ និងសម្តែងការនឹករលឹក។ ការជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាទម្លាប់មួយដែលសម្តេចតេជោតែងតែឆ្លៀតរាល់ពេលអញ្ជើញ បំពេញការងារនៅក្រៅប្រទេសទោះបីជាត្រូវមមាញឹកនឹងការងារយ៉ាងណាក៏ដោយនោះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត៕