(ភ្នំពេញ)៖ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) ដែលជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិចកាំង បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អភ័យទោស រាល់កំហុសខុសឆ្គងរបស់លោកកន្លងមក ក្នុងការប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យចំពោះសម្តេចតេជោ និងក្រុមគ្រួសារ។

តាមរយៈលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក Brady Nuy Young ដែលជាអតីតអ្នកកើតនៅភូមិពោធិវាល សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយសព្វថ្ងៃរស់នៅទី ក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនោះ បានស្នើសុំដល់ សម្ដេចនិងក្រុមគ្រួសារ មេត្តាខន្តីអភ័យទោស នូវរាល់កំហុសខុសឆ្គង របស់លោកដែលបានប្រើប្រាស់ ភាសាមិនសមរម្យនាពេលកន្លងមក ដោយការប្រមាថមើលងាយ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រិះគន់និងវាយប្រហាររាជរដ្ឋាភិបាល ហើយជាពិសេសទៅទៀត គឺពាក់ព័ន្ធនឹងរឿងឌីអ៊ុនអេ (DNA) ដែលលោកបានយកមកផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក Youtube និងបណ្តាញសង្គមផ្សេងទៀត កាលពីជាង៧ឆ្នាំមុន។

តាមរយៈលិខិតនេះ លោកអះអាងថា៖ «ដោយសារខ្ញុំបាទទទួលបាននូវព័ត៍មាន មិនគ្រប់ជ្រុងជ្រោយ ជឿតាមការញុះញង់ លាបពណ៌របស់មេក្រុមបក្សប្រឆាំង ប្រឌិត ព័ត៌មានក្លែងក្លាយ ព្រមទាំងផ្សព្វផ្សាយរឿងរ៉ាវមិនពិត ធ្វើទៅតាមអារម្មណ៍ជនអគតិចង់បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់ សម្ដេចនឹងក្រុមគ្រួសារ ក៏ដូចជាធ្វើឱ្យអាប់ឱន ដល់កិត្តិស័ព្ទសង្គមជាតិខ្មែរទាំងមូលយ៉ាងធ្ងន់ធ្ងរផងដែរ»

លោកបានបន្តថា «អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូមសម្ដេចនិងក្រុមគ្រួសារ មេត្តាអធ្យាស្រ័យដល់រូបខ្ញុំបាទ ដោយសេចក្តី អនុគ្រោះ។ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា សម្ដេច នឹងមានសេចក្តីមេត្តាករុណា មិនប្រកាន់យកទោសពៃ ពីកូនចៅតូចតាចដួចរួបខ្ញុំនេះ»

ជាមួយនឹងចុងបញ្ចប់នៃសំណើនេះ លោកប្រែឌី ក៏បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ សម្តេច ដែលបានបាត់បង់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបងប្រុសជាទីស្រលាញ់ក្នុងពេលថ្មីៗនេះ។ លោកបានដួងព្រលឹងវិញ្ញាណក្ខន្តរបស់ សម្តេចឧត្តមទេពញាណ ទៅកាន់សុគតិភពដោយស្ងប់ចិត្ត៕