(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់តែងតាំង លោក លី រស្មី ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក លី រស្មី អតីតជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាបត្យករ រូបបដិមាព្រះថោង-នាងនាគ ដែលត្រូវធ្វើពិធីអភិសេកនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ព្រះបដិមាព្រះថោង-នាងនាគ បន្ទាប់ពីបានដាក់តម្កល់លើបាល្ល័ង្គរួចរាល់ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយបាននាំគ្នាទៅថតរូបភាពទុកជាអនុស្សាវរីយ៍។

រូបបដិមាព្រះថោងនាងនាគនេះ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ហើយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម។ បដិមាព្រះថោង-នាងនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕