(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១០៦រូប។
របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៤ គឺ៖
១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។
២៖ ការបោះឆ្នោតជ្រើសតាំង៖
- លោក កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា
- លោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ៕