(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវ ឡាយ នារី ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ «ខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុកុ្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិមិត្តទាំងអស់នៃសព។ មរណភាពរបស់លោកជំទាវមហាឧបាសិកា ឈា ឡាង គឺជាបាត់បង់ភរិយា ម្ដាយ ម្ដាយក្មេក និងជីដូនដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃមួយរូប និងជាការបាត់បង់កុលធីតាដ៏ល្អឆ្នើមមួយរូប ដែលក្នុងមួយជីវិតបានខិតខំបម្រើកិច្ចការរបស់ស្វាមី ក្នុងការបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។

ខ្ញុំសូមសម្ដែងនូវការគោរព និងសូមវិញ្ញាណក្ខន្ធ របស់លោកជំទាវមហាឧបាសិកា ឈា ឡាង អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕