(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសម្ពោធឆ្លងសាលាធម្មសភា ផ្លូវបេតុង និងសមិទ្ធផលនានាដែលមានតម្លៃជិតកន្លះលានដុល្លារ និងសំណេះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តជលធារាសម្បត្តិ (វត្តជប់) ឃុំជប់វារី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ កំពូលរបស់ជាតិ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកព្រះនេត្រព្រះ ដែលបានចូលរួមចំណែក ពង្រឹងនិងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កសាង និងអភិវឌ្ឍ សេដ្ឋកិច្ច សង្គមស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យវប្បធម៌ សាសនា សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន បាននឹងកំពុ ង ធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង មានសន្តិភាព និងការអភិវឌ្ឍជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ។ ការអនុវត្តនូវគោល នយោបាយអភិវឌ្ឍឃុំ/សង្កាត់ បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោម ជាតិចាក់ឬសកាន់តែជ្រៅ ក្រុមប្រឹក្សាឃុំ/សង្កាត់ទទួលបានសិទ្ធិអំណាច មុខងារចាត់ចែងអភិវឌ្ឍនិងផ្តល់សេវា សាធារណៈកាន់តែមានគុណភាពល្អប្រសើរឆ្លើយតបទាន់ពេលវេលា នូវតម្រូវការជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវ ថ្នល់ វត្តអារាម អគ្គិសនី សាលារៀនកូនចៅបានរៀនសូត្រមានការងារធ្វើ ចៀសផុតបានពីអំពើអបាយផ្សេងៗមានគ្រឿងញៀនជាដើម ។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាព និងសូមបន្តថែរក្សានូវសុខសន្តិភាព នេះឱ្យបានគង់វង្ស និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗ ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន រីកចម្រើនទៅមុខ ។

ជាទ្រនាប់ដៃ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយជាថវិកា ចែកជូន៖

១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង
៣៖ ឧបត្ថម្ភ សសយក កាកបាទក្រហម កាយរិទ្ធ និងក្រុម ការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ៦០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល
៤៖ លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល ផងដែរ ៕