(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រៀមខ្លួន ដើម្បីទៅចែករំលែកបទពិសោធន៍ ការអនុវត្តកតិកាសញ្ញា ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ក្នុងវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) របស់អង្គការសហប្រជាជាតិ (UN) ក្នុងខែឧសភា ឆ្នាំ២០២២នេះ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នេះបើតាមការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ក្នុងកិច្ចប្រជុំបច្ចេកទេស ស្តីពីការពិនិត្យរបាយការណ៍វាយតម្លៃដោយស្ម័គ្រចិត្ត លើការអនុវត្ត GCM ថ្នាក់ជាតិ ដើម្បីត្រៀមចូលរួម IMRF ។ លោកស្រីបានឲ្យដឹងថា IMRF នឹងរៀបចំឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតទេ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភានេះ នៅទីក្រុងញូវយ៉ក នឹងមានកិច្ចប្រជុំពិនិត្យឡើងវិញ នូវសកម្មភាពអនុវត្តតាមប្រទេស នៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដែលយើងមើលឃើញថា ប្រទេសយើងនឹងក្លាយជាប្រទេសមួយ ដែលនឹងផ្តល់បទពិសោធន៍ដល់ប្រទេសដទៃទៀត ដោយសារតែប្រទេសយើង ចូលក្នុងបញ្ជីនៃប្រទេសជ័យលាភី ដែលជាប្រទេសនាំមុខ នៅក្នុងការអនុវត្តសកម្មភាពកតិកាសញ្ញាពិភពលោកនេះ»

កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់ UN ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត UN ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស។

UN បានផ្តល់ជ័យលាភីដល់កម្ពុជា (Champion Country) ក្នុងការអនុវត្ត GCM នៅឆ្នាំ២០២០ ដែលមានន័យថា កម្ពុជាទទួលបានជំនួយពី UN ក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។ នេះបើតាមលោកស្រី ជូ ប៊ុនអេង៕