(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញលិខិតបំភ្លឺជុំការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលបានរិះគន់ប្រធានមន្ទីរ ក៏ដូចជាមន្រ្តីរបស់មន្ទីរមិនបានជួសជុលផ្លូវជាតិសំខាន់ៗនៅក្នុងខេត្ត។ បើតាមមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២២ មន្ទីរ កំពុងអនុវត្តការថែទាំផ្លូវចំនួន៣០ខ្សែ ជាប់ជាប្រចាំ និងយ៉ាងខ្ជាប់ខ្លួនបំផុត។

នៅក្នុងលិខិតរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានមួយបានចុះផ្សាយនៅលើបណ្តាញសង្គម (Facebook) ថា «ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងទទួលការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធភាពអសកម្មការងារដោយទុកឱ្យផ្លូវជាច្រើនខ្សែបានរងការខូចខាតមិនព្រមជួសជុល ពិសេសផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១»ជាការឆ្លើយតប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

*ទី១៖ កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២មក ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងជួសជុល ពង្រីកស្តារឡើងវិញ ក្រោមហិរញ្ញប្បទានរបស់ធនាគាពិភពលោក (World Bank) បច្ចុប្បន្នការដ្ឋានកំពុងដំណើរការហើយ ការងារជួសជុល ថែទាំ ជាភារកិច្ចរបស់ក្រុមហ៊ុនដេញថ្លៃបាន។

*ទី២៖ កំណាត់ផ្លូវជាតិលេខ៤១ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន ហើយក្រុមហ៊ុនដេញថ្លៃបាន (CRBC) បានសន្យាថានឹងចុះជួសជុល ឆាប់ៗខាងមុខនេះ ហើយគ្រោងនឹងបើកការដ្ឋាននៅពេលវេលាសមស្របណាមួយ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក្នុងនាមសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ស្ពឺ តែងតែរាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងអំឡុងអន្តរកាលនេះ ខណៈផ្លូវទាំងពីរខ្សែខាងលើ កំពុងត្រូវបានអនុវត្តនីតិវិធីស្តារឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ-ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

មន្ទីរបានបញ្ជាក់ទៀតថា ជាពិសេសសព្វថ្ងៃផ្លូវដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រោមការថែទាំរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ គឺមន្ទីរបានធ្វើការជួសជុល និងថែទាំជាប្រចាំនៅតាមតំបន់នានាទូទាំងខេត្ត៕