(កណ្ដាល)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងលោកស្រី ខេង សំវ៉ាដា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា សាលាបឋមសិក្សាជ្រោយឬស្សី១ខ្នង ៦បន្ទប់ និងបន្ទប់ទឹក២បន្ទប់ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល នាចុងសប្ដាហ៍មុន។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានស្រុកស្អាង បានបង្ហាញថា រយៈពេលកន្លងមក ក្រោមការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មូលដ្ឋានស្រុកស្អាងទទួលបានសមិទ្ធិផលផ្លែផ្កាជាច្រើន។ ក្នុងចំណោមសមិទ្ធិផលទាំងនោះ ក៏មានអគារសិក្សាជាច្រើន បានលេចរូបរាងឡើង ផ្តល់ជាកន្លែងសិក្សាដល់កូនចៅប្រជាពលរដ្ឋ ជាក់ស្តែងដូចជាអគារសិក្សាដ៏ស្រស់ស្អាត នៅចំពោះមុខនេះ។

សូមបញ្ជាក់ថា សម្មិទ្ធផលសាលារៀន និងបន្ទប់ទឹកខាងលើនេះ ដែលបង្ហាញរូបរាង និងបម្រើផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅពេលនេះជាអំណោយរបស់លោកស្រី Shu Chen Couldrake (Tung Ma Ma) Shanghai Biacheng Construction Co., Ltd ព្រមទាំងក្រុមការងារមួយចំនួនទៀតផងដែរ។

ការផ្តល់អំណោយរបស់លោកស្រី Shu Chen Couldrake (Tung Ma Ma) បានធ្វើឡើងកាលពីឆ្នាំ២០២១កន្លងទៅ តាមរយៈលោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ដែលបានចុះហត្ថលេខា ទទួលពីលោកស្រី Shu Chen Couldrake (Tung Ma Ma)។ បើតាមលោក សំរិតកុមារ, លោកស្រី Shu Chen Couldrake ដែលមានស្វាមីជាជនជាតិអង់គ្លេស កន្លងមកលោកស្រី បានជួយសង់សាលារៀនដល់ប្រទេសជាច្រើនដូចជា៖ ប្រទេសនេប៉ាល់ និងអាហ្រ្វិក ជាដើម។

មានមតិសំណេះសំណាលក្នុងវិធីដាក់សម្ពោធឲ្យប្រើប្រាស់សម្មិទ្ធផលខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនប្រជាពលរដ្ឋថា អគារសិក្សាដ៏ល្អស្អាត១ខ្នង ៦បន្ទប់ និងបន្ទប់ទឹក២បន្ទប់ នៅចំពោះមុខនេះ គឺបានមកពីការរួមចំណែកជួយដ៏សំខាន់ ពីលោកយាយតុងម៉ាម៉ា នៅទីក្រុងសៀងហៃ ប្រទេសចិន។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការរីករាយដោយបានជួបប្រជាពលរដ្ឋមូលដ្ឋាន ស្រុកស្អាងម្តងទៀត ជាមួយនិងពិធីសម្ពោធសមិទ្ធិផលដ៏សំខាន់១នេះ ក្នុងបរិយាកាសប្រកបដោយស្នាមញញឹម ស្រស់ស្រាយ ជាមួយនិងសុខសន្តិភាពដែលកម្ពុជាមាន ខណៈដែលប្រទេសមួយចំនួននៅលើពិភពលោកកំពុងទទួលរងសង្គ្រាម រត់គេចគ្រាប់ផ្លោង។

លោកថា កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន យើងមានសន្តិភាព យើងមានពេលកសាងសមិទ្ធិផលជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមានពេលជួបសំណេះសំណាលគ្នា សម្ពោធសាលាជាមួយគ្នា ដោយក្តីរីករាយ។ សន្តិភាពនេះហើយ ដែលមានតម្លៃណាស់ សម្រាប់ពលរដ្ឋគ្រប់រូប។

លោក ប្រាក់ សុខុន បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ក្រោមការខិតខំប្រឹងប្រែង យកចិត្តទុករបស់សម្តេចតេជោ យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះជោគជ័យដ៏ធំធេង ដែលកម្ពុជាទទួលបាន លើការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ជាមួយនិងវិស័យអប់រំ លោកបានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្រៀនដល់សិក្សានុសិស្ស ព្រោះថាអាជីពជាគ្រូបង្រៀននេះ មានតំលៃថ្លៃថ្នូរណាស់ ដោយបានផ្តល់នូវ ចំណេះដឹងដល់មនុស្សគ្រប់រូប ឲ្យមានសមត្ថភាពកសាងជីវភាពគ្រួសារ កសាងសង្គមបានល្អប្រសើរ។ យើងមានសាលារៀនល្អហើយ សូមសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ឲ្យចេះដឹង ជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍ដល់កូនចៅយើង ប្រើប្រាស់បានយូអង្វែង។

ក្នុងពិធីសម្ពោធអគាសិក្សានេះដែរ លោក ប្រាក់ សុខុន និងលោកស្រី ខេង សំវ៉ាដា បាននាំយកអំណោយមួយចំនួន មានសម្ភារៈប្រើប្រាស់ក្នុងការសិក្សា និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋដែលចូលរួម ព្រមទាំងកាត់ខ្សែបូរសម្ពោធសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា សាលាបឋមសិក្សាជ្រោយឬស្សី១ខ្នង ៦បន្ទប់ និងបន្ទប់ទឹក២បន្ទប់ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ អាជាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏បានថ្លែងអំគុណដល់ការរួមចំណែកកសាងអគារសិក្សានៅទីនេះ ពិសេសលោកយាយ តុងម៉ាម៉ា នៅទីក្រុងសៀងហៃ ប្រទេសចិន៕