(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សម័យប្រជុំនេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅព្រះបរមរាជវាំង ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន០៨ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៖ អង្គប្រជុំបានសម្រេចយល់ព្រម លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

របៀបវារៈទី២៖ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន៖ អង្គប្រជុំបានសម្រេចយល់ព្រម លើការតែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម សរុបចំនួន ១១រូប។

របៀបវារៈទី៣៖ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើតែងតាំង និងផ្ទេរមុខតំណែងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន ០៥រូប។

របៀបវារៈទី៤៖ ពិនិត្យ និងសម្រេច បោះឆ្នោតជ្រើសតាំងសមាជិក ០១រូប នៃក្រុមប្រឹក្សាធម្មនុញ្ញ៖ អង្គប្រជុំបានសម្រេចយល់ព្រមជ្រើសតាំង ឯកឧត្តម ឌុយ ឆៅ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៩ឆ្នាំ(២០២២-២០៣១) តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

របៀបវារៈទី៥៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាពតាមកម្រិតសញ្ញាបត្រ និងនិយ័តកម្មឋានន្តរស័ក្តិ ចំពោះចៅក្រម និងព្រះរាជអាជ្ញា៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើការស្នើដំឡើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រនាពេលនេះ សរុបទាំងអស់មានចំនួន ១២៧រូប ក្នុងនោះចំនួន ៧៦រូប ត្រូវស្នើតាមវេនអតីតភាព និងចំនួន ៤២រូប ត្រូវស្នើតាមកម្រិតសញ្ញាបត្រ និងចំនួន ០៧រូប ត្រូវធ្វើនិយ័តកម្មឋានន្តរស័ក្តិ ដែលរួមមានដូចខាងក្រោម៖

ក- តាមវេនអតីតភាព សម្រាប់ឆ្នាំ២០២១៖
-ស្នើដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រមមានចំនួន ០១រូប
-ស្នើដំឡើងឋានន្តរស័ក្តិពីវរៈចៅក្រម ទៅឧត្តមចៅក្រម មានចំនួន ០៥រូប
-ស្នើដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិ វរៈចៅក្រមមានចំនួន ០៤រូប
-ស្នើដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិ វរៈព្រះរាជអាជ្ញា មានចំនួន ០៥រូប
-ស្នើដំឡើងឋានន្តរស័ក្តិពីអនុចៅក្រម ទៅវរៈចៅក្រម មានចំនួន ០៩រូប
-ស្នើដំឡើងឋានន្តរស័ក្តិពីអនុព្រះរាជអាជ្ញា ទៅវរៈព្រះរាជអាជ្ញា មានចំនួន ០៣រូប
-ស្នើដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិ អនុចៅក្រមមានចំនួន ២៧រូប

ខ- តាមកម្រិតសញ្ញាបត្រ៖
-ស្នើដំឡើងថ្នាក់តាមកម្រិតបណ្ឌិតមានចំនួន ០៤រូប
-ស្នើដំឡើងថ្នាក់តាមកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន ៣៨រូប

គ- និយ័តកម្មឋានន្តរស័ក្តិ ដោយផ្អែកលើមុខតំណែង៖
-ចៅក្រមចំនួន ០៧រូប
-ព្រះរាជអាជ្ញាចំនួន ០២រូប។

របៀបវារៈទី៦៖ ពិនិត្យ និងសម្រេច អំពីការបន្តការងាររបស់អគ្គព្រះរាជអាជ្ញារង ០១រូប នៃមហាអយ្យការអមតុលាការកំពូល ដែលមានអាយុចាប់ពី ៦៥ឆ្នាំ៖ អង្គប្រជុំបានសម្រេចអនុញ្ញាត ឲ្យបន្តការងារចំពោះ លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល។

របៀបវារៈទី៧៖ ពិនិត្យ និងសម្រេចលើសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ០១រូប នៃសាលាដំបូងខេត្តស្ទឹងត្រែង៖ អង្គប្រជុំបានសម្រេចអនុញ្ញាតច្បាប់ឲ្យលោក ម៉ង់ សូហាន ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង ឈប់សម្រាករយៈពេល ០២(ពីរ)ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយរក្សាក្របខណ្ឌ និងគ្មានប្រាក់បៀវត្ស ដើម្បីឲ្យសាមីខ្លួនបានទៅបន្តការសិក្សា។

របៀបវារៈទី៨៖ បញ្ហាផ្សេងៗ៖ អង្គប្រជុំមិនមានបញ្ហាអ្វីដែលត្រូវលើកឡើងទេ។

ជាទីបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងអំណរគុណ
ដ៏ជ្រាលជ្រៅ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ របស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ព្រះករុណាព្រះប្រធាន ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៥ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម៖