(ពោធិ៍សាត់)៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជ្រកក្រោមដើមឈើ ពេលចេញទៅហៅត្រាក់ទ័រភ្ជួរដីស្រែ ចំមេឃកំពុងតែភ្លៀង។

ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងនាវេលាម៉ោង ០៥៖៤៥នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ នៅចំណុចព្រៃឫស្សីវាលស្រែ ស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែឧសភានេះថា ក្រោយពីទទួលបានទទួលព័ត៌មាន ពីលោក ជួប ថូ មេភូមិទួលទទឹង តាមរយៈទូរស័ព្ទ ដែលបានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ធម្មជាតិ (រន្ទះបាញ់) កម្លាំងបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។

ប្រភពបានបន្តថា ពេលទៅដល់ជនរងគ្រោះ គឺបានបាត់បង់ជីវិតទៅហើយ ដែលក្នុងនោះរួមមាន៖

* ជនរងគ្រោះទី១ ឈ្មោះ ឈន ចាន់ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (មុខរបរ អនុភូមិទួលទទឹង)។
* ជនរងគ្រោះទី២ ឈ្មោះ អេង ណី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោសែនជ័យ ខេត្តពោធិ៍សាត់(មុខរបរកសិករ)។

ប្រភពបានបន្ថែមថា មូលហេតុដែលមានករណីគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់) គឺដោយសារជនរងគ្រោះទាំង២នាក់ខាងលើ ទៅហៅត្រាក់ទ័រភ្ជួរដីស្រែ ចំមេឃកំពុងតែភ្លៀង ក៏នាំគ្នាជ្រកក្រោមដើមឈើ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕