(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេស ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើត និងដំណើរការ នៃការអភិរក្សជីវៈចម្រុះ ជាពិសេសប្រភេទកេសរកូលព្រៃ នៅក្រៅដែនធម្មជាតិកម្ពុជា។

ពីធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ខណៈការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការបានធ្វើឡើងរវាងលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះដែរ ក្រសួងបរិស្ថាន ក៏បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តការរវាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ស្តីពីកិច្ចសហការរៀបចំ និងប្រតិបត្តិការរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងរៀបចំជា «សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា» ដំបូងគេ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិលើកទី២ នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

បើតាមលោកស្រីឯកអគ្គរាជទូតអង់គ្លេស បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការអភិរក្សកេសរកូល (ផ្កាអូគីដេ) នៅក្នុងប្រទេសកម្ពុជា ខណៈប្រភេទកេសរកូល ជាច្រើនមិនត្រូវបានកត់ត្រាឱ្យបានច្រើននៅឡើយ។

លោកស្រី ធីណា រ៉េដស បានបញ្ជាក់ថា «តាមរយៈកិច្ចពិភាក្សាជាច្រើនជាមួយអ្នកពាក់ព័ន្ធនានា លោកស្រីបានកត់សម្គាល់ឃើញពួកគាត់មិនទាន់បានដឹងច្បាស់នៅឡើយចំពោះកិច្ចគាំពារកេសរកូលព្រៃនៅកម្ពុជា ដូច្នេះ តាមរយៈការចុះអនុស្សារណៈយោគយល់ររវាងក្រសួងបរិស្ថាន និងសួនរុក្ខឧទ្យាន KEW នេះ យើងនឹងធ្វើការសិក្សារួមគ្នា ដើម្បីអភិរក្សទាំងក្នុង និងក្រៅដែនជម្រកការពារធម្មជាតិ ជាពិសេសត្រូវសិក្សាបន្ថែមទៀត ជាពិសេសទៀត គឺយើងព្យាយាមរក្សា ប្រមូល និងអភរិក្សប្រភេទកេសរកូល»

កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ ដែលមានចំនួនរហូតដល់ជាង ២៥,០០០ប្រភេទ ក្នុងនោះជាង១០,០០០ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។

នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិបានកត់ត្រាកេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ ៣០០ប្រភេទ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលបានសិក្សាមុនយើង រួមមាន៖ ប្រទេសថៃមានជាង១,៥០០ប្រភេទ, វៀតណាមមានជាង៧០០ប្រភេទ និងឡាវ មានជាង៥០០ប្រភេទ។

បើផ្អែកលើកត្តាភូមិសាស្ត្រ សណ្ឋានដី និងអាកាសធាតុនៃប្រទេសកម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាងប្រទេសកម្ពុជា កេសរកូលព្រៃកម្ពុជា អាចមានចំនួនច្រើនជាង៥០០ប្រភេទ ប្រសិនបើយើងធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ លាស់ និងគ្រប់ជ្រុងជ្រោយ។ ដោយឡែក ក្នុងឆ្នាំ២០១៦ មានកេសរកូលព្រៃចំនួន៨ប្រភេទ ត្រូវបានគេរកឃើញ និងកត់ត្រាជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា។

ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃនៅក្នុង ដែនជម្រកធម្មជាតិ បាននឹងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូលព្រៃ ក្នុងគោលបំណងធ្វើពាណិជ្ជកម្មខុសច្បាប់។

គួរជម្រាបថា វេទិកាកេសរកូលជាតិលើកទី២នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមានទី១៖ ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា, ទី២៖ ចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន, ទី៣៖ ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ និង៤៖ ផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា៕