(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ជូនឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា ចំពោះមរណភាពរបស់ឧកញ៉ា ឬទ្ធី សំណាង ដែលត្រូវជាកូនប្រសារ។

នៅក្នុងសាររំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ត្រូវជាកូនប្រសារបស់ឯកឧត្តម និងលោកជំទាវ កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ វេលាម៉ោង០៨:០៨នាទីព្រឹក ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ»

ការបាត់បង់រូបកាយ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវកូនប្រសា ស្វាមី ឪពុក ជាទីស្រឡាញ់បំផុតរបស់លោកជំទាវជាភរិយា កូនៗ ព្រមទាំងក្រុមគ្រួសារ និងជាការបាត់បង់ នូវពាណិជ្ជករដ៏ល្អមួយរូបដែលតែងជួយគាំពារដល់កិច្ចការសង្គមក្នុងវិស័យជាច្រើន ជាពិសេសគឺវិស័យមនុស្សធម៌ និងសិក្សាធិការអប់រំ។

ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ឬទ្ធី សំណាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕