(វៀតណាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក ចូលរួមកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤មក ហើយមកដល់ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី រវាងកងឯកភាពទាំងពីរ ដែលជាមូលដ្ឋានក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងទៅ ដោយក្នុងនេះកងទ័ពការពារព្រំដែន នៃប្រទេសទាំងពីរ បានបន្តកិច្ចសហការជាមួយគ្នា យ៉ាងសកម្មលើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការសម្រេចបាននូវការដោះស្រាយភារកិច្ចការងារព្រំដែនផ្សេងទៀត ទទួលបានលទ្ធផលល្អប្រសើរ ទោះបីជាប្រទេសទាំងពីរ បានជួបប្រទះនូវបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏បានផ្តល់ការឧបត្ថម្ភជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារៈ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះផងដែរ។

លទ្ធផលសំខាន់ៗ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយ ព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសង្ខាង ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

សម្រាប់ទិសដៅឆ្នាំ២០២២ ភាគីទាំងពីរ បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងការជំរុញការអនុវត្តអនុស្សារណៈ នៃការយោគយល់រវាងកងឯកភាពទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមគ្នា ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស៕