(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះដំណើរបំពេញបេសកកម្ម តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងឋានៈសម្ដេចជាសហប្រធាន ជាមួយមេដឹកនំាប្រទេសមហាអំណាចអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្ដិទៅនៅរដ្ឋធានីវ៉ាស៉ីនតោន រយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ និងទី១៣ គឺជាប្រវត្ដិសាស្រ្ដនៃព្រះនគរកម្ពុជា ក៏ដូចប្រជាជាតិអាស៊ាន-អាមេរិក។

អ្នកជំនាញអារ្យធម៌ខ្មែរ បានចាត់ទុកថា នេះជាមហាកិត្ដិយសដ៏ខ្ពង់ខ្ពស់គ្មានប្រៀប ព្រោះពីមុនពិភពលោកគេស្គាល់កម្ពុជា តែជាប្រទេសបែកបាក់ ភ្នក់ភ្លើងសង្រ្គាម ឈាមនិងទឹកភ្នែក តែបច្ចុប្បន្នកម្ពុជា ប្រែជាប្រទេសតូចច្រទ្បឹងដ៏ស្រស់ស្អាត បានក្លាយជាសហប្រធានកិច្ចប្រជុំកំពូលជាមួយមេដឹកនំាកំពូល នៃមហាប្រទេសធំជាងគេលើលោក។

លោក រ័ត្ន សណ្ដាប់ បានចោទជាសំណួរថា «តើបរិបទមួយនេះជារឿងចៃដន្យឬយ៉ាងណា»? ចម្លើយនេះ យើងឆ្លើយក៏មិនសូវពីរោះដែរ តែបើប្រទេសមហាអំណាចឆ្លើយវិញថា «ពិតជាអស្ចារ្យ» ហើយក៏ជាមិនមែនជារឿងចៃដន្យឡើយ។

មិនមែនជារឿងចៃដន្យ ពីព្រោះថា៖

* ទី១៖ ទើបតែប៉ុន្មានខែកន្លងថ្មីៗនេះ សហរដ្ឋអាមេរិកមានរឿងរ៉ាវជាមួយកម្ពុជា ដោយសារកម្ពុជាបានរុះរើអាគារសំណង់យោធានៅកំពង់ផែរាម ដែលអាមេរិកាំងចាត់ទុកថាជាសមិទ្ធិផលពីអតីតកាលរបស់គេនៅកម្ពុជា។ ពេលនោះនរណាក៏យល់ដែរថា សម្ព័ន្ធមេត្រីភាព ឬមិត្ដភាពរវាងកម្ពុជាពិតជាប្រេះឆា ព្រោះគេសង្កេតឃើញថា បន្ទាប់ពីព្រឹត្ដិការណ៍នេះមក ប្រតិកម្មនៃប្រទេសទាំងពីរ ពោលគឺសហរដ្ឋអាមេរិកបានឆ្លើយតបយ៉ាងក្ដុងក្ដំាងមកវិញភ្លាមៗ ពោលគឺប្រកាសផ្ដាច់ជំនួយកម្ពុជា រីឯសម្ដេចនាយករដ្ឋមន្រ្ដីក៏ប្រតិកម្មតបវិញដែរ ដោយបញ្ជាឲ្យប្រមូលអាវុធអាមេរិកំាងដុតចោល។ កាលណោះ ប្រទេសសមាជិកអាស៊ាន មានការបារម្ភនឹងព្រឹត្ដិការណ៍នេះខ្លាំងណាស់ដែរ។

* ទី២៖ ព្រឹត្ដិការណ៍ជាបន្ត ដែលចាត់ទុកជាវិជ្ជមាន នៅថ្ងៃទី២០ ខែមិនាឆ្នាំ២០២២ថ្មីៗនេះ លោក Fumio Kishada នាយករដ្ឋមន្រ្ដីជប៉ុន បានធ្វើទស្សនកិច្ចមកកម្ពុជា ចំនួន២ថ្ងៃ តបតាមការអញ្ជើញរបស់សម្ដេចតេជោ។ ក្នុងឱកាសដ៏មានតម្លៃជាប្រវត្ដិសាស្រ្ដនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសផ្ដល់ជំនួយមកកម្ពុជាយ៉ាងក្រាស់ក្រែល ក្នុងនោះមានជំនួយយោធាផងដែរ។ ត្រង់ចំណុចនេះ យើងចង់គូសបញ្ជាក់ផងដែរថា តើប្រទេសមហាអំណាចសេដ្ឋកិច្ចជប៉ុន ជាប្រទេសមានទំនាក់ទំនងគ្នាកំរិតណា ជាមួយសហរដ្ឋអាមេរិក? តាមប្រវត្ដិសាស្រ្ដពិភពលោក កាលពីសង្រ្គាមលោកទី២ សហរដ្ឋអាមេរិកនិងជប៉ុន ជាសត្រូវស៉ីសាច់ហុតឈាមគ្នា ហ៉ីត្លែរ និងព្រះចៅអធិរាជ កាលណោះជាមិត្ដរួមអាវុធ។ តែពេលនេះសហរដ្ឋអាមេរិក និងជប៉ុន ជាបងប្អូនបង្កើត មិត្ដភត្តិស្លាប់រស់ជាមួយគ្នា ទាំងផ្នែកយោធាទាំងផ្នែកសេដ្ឋកិច្ច។ ត្រង់ចំណុចនេះ តើគេអាចស្មានបានថា ពេលជំនួបសម្ដេចតេជោ លោកនាយករដ្ឋមន្រ្ដីជប៉ុនអាចខ្សឹបសម្ដេចថា «លោក ចូ បៃដិនJoe Biden ផ្ដាំសួរសុខទុក្ខសម្ដេច និងជូនពរសម្ដេច» តើអាចបែបនេះឬទេ?

* ទី៣៖ ព្រឹត្ដិការណ៍បន្ទាប់ គឺសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ គឺកម្ពជាជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤១ ដែលបានបោះឆ្នោតគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន និង បានអំពាវនាវ ឲ្យរុស្ស៉ី បញ្ចប់នូវប្រតិបត្តិការយោធា របស់ខ្លួន នៅអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាគឺជាប្រទេសត្រូវគេកត់ត្រាចូលរួមផ្តួចផ្តើមគំនិតនូវសេចក្តីព្រាងនៃការសម្រេចចិត្ត (Co-Sponsers) ក្នុងចំណោមប្រទេស ចំនួន៩៥ ដែលបានសហការ ផ្ដួចផ្ដើមនៃដំណោះស្រាយទាំងនេះ។ តមកទៀតនៅពេលអង្គការសហប្រជាជាតិ បានបោះឆ្នោតសំរេចព្យួរសមាជិកភាពរុស្ស៉ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលក្នុងនោះសម្លេងគាំទ្រសេចក្ដីសំរេចចំនួន ៩៣ប្រទេស រីឯសម្លេងប្រឆាំង (គឺគាំទ្ររុស្ស៉ី) មាន២៤ប្រទេសក្នុងនោះមានវៀតណាម ទ្បាវ និងចិន នៅសល់៥៨ប្រទេសបោះអនុប្បវាទ ក្នុងនោះមានប្រទេស៨ ក្នុងសមាគមអាស៊ានរួមទាំងកម្ពុជាផង។

* ទី៤៖ ក្នុងបរិបទចុងក្រោយនេះ យើងចង់លើកពីរឿងរបស់មហាប្រទេស ដែលធំជាងគេផ្នែកសេដ្ឋកិច្ច គឺអាមេរិកាំងទី១ និងប្រទេសចិនដែលជាមហាអំណាចទី២។ ព្រឹត្ដិការណ៍កន្លងមកនៅលើពិភពលោក ដែលកើតទ្បើងជាហូរហែរ យើងអាចប្រមើលដឹងថា ចិនកំពុងប្រកួតយកលំដាប់មហាអំណាចលេខរៀងទី១ ឲ្យបានលើសសហរដ្ឋអាមេរិក។ ជាការពិតណាស់ ចិនបានចូលជ្រៀតជ្រែកនៅអឺរ៉ុប តែតឹងតែងព្រោះសុទ្ធតែសម្ព័ន្ធមិត្តលោកខាងលិច ដូច្នេះមានតែនៅលើវេទិកាអាស៊ាននេះឯង ហើយអាស៊ាននេះទៀតសោត បច្ចុប្បន្នមានសម្ដេចតេជោនាយករដ្ឋមន្រ្ដីកម្ពុជា ជាប្រធានកំពុងដើរតួដ៏ឆ្នើម។ ត្រង់ចំណុចនេះបើនិយាយឲ្យចំ ចង់ឬមិនចង់បច្ចុប្បន្ននេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវតែខិតខំយកចិត្ដសម្ដេចតេជោ ដើម្បីបានចូលមកទីតាំងភូមិសាស្រ្ដនយោបាយនៅភូមិភាគអាស៉ីអាគ្នេយ៍បានស្រួល និងធ្វើឲ្យប្រទេសអាស៊ានមានភាពកត់ក្ដៅ។ ដូចនេះចំពោះភូមិសាស្រ្ដនយោបាយ គេមិនគួរបារម្ភពេកទេពោល គឺប្រជាជនខ្មែរយើងមិនគួរព្រួយបារម្ភងងឹតលើសលប់នោះទេ ព្រោះសម្ដេច បាននំាកម្ពុជាពីភាពដ៏ខ្មៅងងឹតពីអតីតកាល មកពន្លឺចេងចាំងពេញទ្វីបលោក គឺកម្ពុជាទទួលបានសន្ដិភាពពេញបរិបូណ៍បច្ចុប្បន្ន។

ដូច្នេះស្ថិតក្នុងកាលៈទេសៈនេះ ពិភពលោកគេយល់ច្បាស់ណាស់ថា សម្ដេចពិតជានឹងប្រឹងប្រែងយកវេទិកាពិភពលោក ជាសហប្រធាននេះដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់នាវាកម្ពុជា ក៏ដូចនាវាប្រជាជាតិអាស៊ាន-អាមេរិក ឆ្ពោះទៅរកសន្ដិភាព ភាពសុខសាន្ដ និងការអភិវឌ្ឍប្រកបដោយចិរភាពតរៀងទៅ៕