(ត្បូងឃ្មុំ)៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលថវិកាសរុបចំនួន៥០លានរៀល របស់លោកឧកញ៉ា សៀក ពិសិទ្ធ អគ្គនាយកក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌី តាមរយៈលោក ហេង យីស្រ៊ុន អគ្គនាយករង ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ថ្លែងក្នុងឱកាសនោះលោក ហេង យីស្រ៊ុន បានសម្តែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌បានយ៉ាងល្អនៅទូទាំងខេត្ត។

ជាការឆ្លើយតប លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា សៀក ពិសិទ្ធ អគ្គនាយកក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌី ព្រមទាំងគ្រួសារ តាមរយៈលោក ហេង យីស្រ៊ុន អគ្គនាយករង និងសប្បុរជននានា ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

លោកបណ្ឌិត ប្រធានគណៈកម្មាធិការកាបាទក្រហមខេត្ត បន្ថែមថា តាមរយៈសម្ភារៈ និងថវិកាទាំងនេះ របស់សប្បុរសជន ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះ និងគ្រោះមហន្តរាយ ផ្សេងៗ បានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តទៀត ជាពិសេសក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩៕