(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ «ខ្ញុំបាទពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះមរណភាពរបស់លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ដែលមរណភាពនេះ គឺជាការបាត់បង់នូវឧត្តមភរិយាជាទីស្រលាញ់ មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃដែលជាទីគោរពស្រឡាញ់បំផុតរបស់ស្វាមី ព្រមទាំងកូនៗ និងចៅៗ»

«ក្នុងឱកាសដ៏សែនសោកសង្រេងនេះ តាងនាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តមមបណ្ឌិត និងក្រុមគ្រួសារនៃសព និងសូមគោរពឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕