(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចសេនាវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ភូមិ បានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ព្រមទាំងថវិកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនោះ លោកក៏បានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យ ពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ហើយការចូលជាសមាជិកបក្សប្រជាជន មិនមែនដើម្បីទទួលបានអំណាចនោះទេ តែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការ ជ្រករបស់ប្រជាជន។

លោក ឡេង ប៊ុនតេង ក៏បានជំរុញឱ្យសមាជិកថ្មីម្នាក់ៗ ចូលរួមប្រឆាំងវាយបកលើពួកគណបក្សប្រឆាំង ទៅលើឧបាយកលដ៏អាក្រក់ ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជន និងកំពុងដឹកនាំប្រទេស ទទួលបានភាពរីកចំរើន និងនាំមកនូវសុខសន្តិភាពជូនប្រជាជនគ្រប់រូប។

លោកបណ្ឌិត ក៏បានអរគុណ ចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្តចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងបានណែនាំ ឱ្យយុវជន គ្រប់ថ្នាក់ទាំងអស់ ត្រូវបំពាក់បំប៉នដល់យុវជនអំពីសាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចឱ្យបាន តាមគោលការណ៍បក្ស គឺសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក ជូនគណបក្ស ហើយយុវជនបក្សម្នាក់ អូសទាញបានសន្លឹកឆ្នោត មួយសន្លឹកបន្ថែមទៀត៕