(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា (CPP) និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា «ប្រទេសកម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៉ីចិញ្ចឹមជីវិតបានទេ។ សូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា»

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយយុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ចរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោក ឃួង ស្រេង បានលើកឡើងថា នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិកបក្សរបស់ខ្លួនជាង ៧០ភាគរយ។ នេះពិតជាបង្ហាញអោយឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់សម្រួចឲ្យមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង ៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែមានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ។ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៉ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះលោកសូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបានដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិតថែមទៀត ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានបន្តថា «មានការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយប្រជាពលរដ្ឋភ្លាមៗ ដូច្នេះ សូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»

របាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ចរាជធានីភ្នំពេញ មានចំនួន ៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ។