(កណ្ដាល)៖ លោក អ៊ុក រដ្ឋា បានស្នើទៅតុលាការខេត្តកណ្ដាល មេត្តាជួយតម្កល់រឿងវិវាទដីធ្លីសិន ដោយខ្លួនមានបំណងដោះស្រាយបញ្ហាលក់ដូរដីធ្លីដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ ជាមួយភាគីម្ខាងទៀតដែលប្ដឹងដោយឈ្មោះ ផេង វណ្ណា ដ្បិតភាគីដើមចោទបានប្ដឹងពីទំនាស់ដីធ្លីបន្តិចបន្តិចទៅជាសុំណុំរឿងព្រហ្មទណ្ឌទៅវិញដែលលើសពីការពិតពេក។

លោក អ៊ុក រដ្ឋា បានរៀបរាប់មកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា ដំណើររឿងគឺផ្ដើមចេញពីការលក់ដូរដីធ្លីមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ដោយលោកបានលក់ដីមួយកន្លែង ទៅឲ្យឈ្មោះ ផេង វណ្ណា ដោយមានលិខិតត្រឹមត្រូវ និងទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ផងដែរ។ ប៉ុន្តែបន្ទាប់ពីវាស់វែងទៅ ឃើញថាដីដែលលក់នោះមានទំហំមិនគ្រប់ចំនួនដោយខ្វះបន្តិចបន្តួច ខណ:ដែលដែលដីនេះជាដី ដីលិចទឹកទាំងប្រាំង និងវស្សា ជាដីព្រៃអ៊ូយយ៉ាស។ ហើយដីនេះពុំមានប័ណ្ណកម្មសិទ្ធិទេ មានតែពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជីប៉ុណ្ណោះ។

លោកបន្តថា ខាងភាគីដើមចោទបានខឹងសម្បាចំពោះរឿង ហើយលោកបានចរចាជាមួយភាគីដើមចោទដោយសុខចិត្តសងជំងឺចិត្តដោយការចាក់ដីបំពេញដីដែលលក់នោះ។ ភាគីខាងឈ្មោះ ផេង វណ្ណា ក៏បានឯកភាពគ្នាផងដែរ ក្រោយចរចាគ្នានៅសាលាស្រុកខ្សាច់កណ្ដាល ដោយមានលិខិតកិច្ចសន្យាត្រឹមត្រូវ និងមានអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយដោយផ្ទាល់ផងដែរ។ ប៉ុន្តែបន្ទាប់ពីចាក់ដីរួចរាល់ហើយ ខាងភាគី ផេង វណ្ណា ពុំសុខចិត្តឡើយ ហើយទាមទារឲ្យភាគី អ៊ុក រដ្ឋា កិនដីបង្ហាប់តាមការទាមទារ។ ប៉ុន្តែលោកបានបដិសេធព្រោះពេលនិយាយគ្នា គឺនិយាយត្រឹមតែការចាក់បំពេញដីប៉ុណ្ណោះ ពុំបាននិយាយដល់ការកិនបង្ហាប់ដីនោះឡើយ។

លោកបញ្ជាក់ទៀតថា រឿងរ៉ាវបន្តិចបន្តួចនេះត្រូវបានភាគី ផេង វណ្ណា បង្កឲ្យទៅជាធំវិញ ហើយប្ដឹងទៅតុលាការខេត្តកណ្ដាលថែមទៀត ដោយប្ដឹងពីបទព្រហ្មទណ្ឌ ដែលមើលទៅមានកម្រិតធ្ងន់ធ្ងរហួសពីទំហំរឿងខ្លាំងពេក។ លោកក៏បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ឲ្យជួយសម្របសម្រួលករណីនេះផងដែរ ដ្បិតលោកចង់ចរចា និងដោះស្រាយដោយសន្តិវិធី មិនចង់មានទំនាស់ឡើយ គ្មានបំណងអាក្រក់បន្តិចសោះឡើយ។

លោកថា ទោះយ៉ាងណាដើមឡើយខាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចតម្កល់រឿងទុកឥតចាត់ការ ដោយផ្អែកថា ជារឿងទំនាស់ដីធ្លី «រឿងរដ្ឋប្បវេណី»។ ប៉ុន្តែមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចោទប្រកាន់ភាគីអ្នកលក់ ហើយបញ្ជូនសំណុំរឿងឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធីទៀតផង។

យ៉ាងដូច្នេះហើយទើបលោក អ៊ុក រដ្ឋា ស្នើសុំតម្កល់ជាដដែល ហើយលោកមានបំណងដោះស្រាយ និងស្នើដល់ដើមចោទ ចូលរួមដោះស្រាយដោយសន្តិវិធីក្នុងនាមជាខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។

លោកបានអះអាងថា អង្គហេតុទាំងមូល រួមនិងឯកសារពាក់ព័ន្ធឃើញថា នេះជារឿងស៊ីវិលសុទ្ធសាធ ព្រោះដើមហេតុដំបូងផ្ដើមពីរឿងទិញលក់ដី ហើយការផ្ទេរកម្មសិទ្ធិ មានគណៈកម្មការចុះវាស់វែងទៀតផង ពោលគឺមិនមែនជាករណីលក់ដីខ្យល់នោះទេ ហេតុនេះសូមស្ថាប័នច្បាប់ អ្នកអនុវត្តនីតិវិធី ក្រសួងពាក់ព័ន្ធមេត្តាពិចារណឡើងវិញផង។

ជុំវិញករណីនេះភ្នាក់ងារ Fresh News ពុំទាន់អាចទាក់ទងលោក ផេង វណ្ណា ដើម្បីស្នើរសុំបំភ្លឺជុំវិញព័ត៌មាននេះបាននៅឡើយទេ៕