(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញនូវមហិច្ចតាពង្រីកការបង្កាត់ពូជ និងដាំកេសរកូលព្រៃកម្ពុជា (អរគីដេ) ឱ្យបានច្រើន ដើម្បីរួមចំណែកពង្រីកវិស័យសេដ្ឋកិច្ច និងអភិរក្សធនធានធម្មជាតិកម្រដ៏កម្រដែលមានវត្តនៅកម្ពុជា។

ជុំវិញការបង្ហាញមហិច្ចតានេះ លោក សាយ សំអាល់ បានបង្ហាញក្តីសង្ឈឹមថា កូនខ្មែរយើងអាចធ្វើបានចំពោះដំណើរការបង្កាត់ពូជកេសរកូលព្រៃនេះ ឱ្យបានកាន់តែច្រើនឡើង ដើម្បីឆ្លើយតបនឹងការស្រឡាញ់ផ្ការបស់ប្រជាជនកម្ពុជា។

ការប្រកាសបែបនេះ របស់លោករដ្ឋមន្ត្រីបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើក «វេទិកាកេសរកូលជាតិលើកទី២» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេស» នៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

វេទិកានេះ បានរៀបចំឡើងនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។

លោក សាយ សំអាល់ បានបង្ហាញមហិច្ចតាយ៉ាងដូច្នេះថា៖ «អីឡូវនេះយើងអាចជឿជាក់ថាកូនខ្មែរយើងអាចធ្វើបាន ដូចកេសរកូលព្រៃនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សុខ អាន ភ្នំគូលែននេះ ច្បាស់ណាស់បងប្អូនដែលឈរនៅទីនេះ គិតថាយើងអភិរក្ស និងថែរក្សាប៉ុណ្ណឹង បំណងយើងអត់បណ្ណឹងទេ បំណងរបស់យើងធ្វើម៉េចផលិតកូនឱ្យបានរាប់ម៉ឺនកូនឡើង ហើយយើងធ្វើបាន អីឡូវនេះយើងមានមនុស្សអាចធ្វើបានអត់មានបញ្ហាទេ អញ្ចឹងនេះជាបំណែកមួយដែលយើងចង់អភិរក្សផ្ការបស់យើង»

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានបញ្ជាក់ថា នៅប្រទេសកម្ពុជា មានប្រភេទផ្កាអរគីដេ មួយប្រភេទឈ្មោះ «មហាហង្ស» ដែលមានខ្លឹមក្រអូប ដែលជាទូទៅផ្កាអរគីដេ មិនមានក្លិនក្រអូបនោះទេ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាច្រើនបានស្រឡាញ់លើសម្រស់ផ្កាអូរគីដេ យ៉ាងខ្លាំង។ ដូច្នេះ លោកបង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃអនាគតប្រជាជនកម្ពុជា អានឹងមានផ្កាអរគីដេជាច្រើនប្រភេទដាក់តាំងលំអរនៅតាមគេហដ្ឋានរៀងៗខ្លួន។

បន្ថែមពីនេះ លោក សាយ សំអាល់ បានបន្ថែមថា ប្រជាជនកម្ពុជា មានការប្រែប្រួលជាច្រើនបន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ដោយមាននាំយកគ្រឿងលំអរមកតុបតែងជាច្រើន ដោយក្នុងនោះក៏មានវត្តមានផ្កាអរគីដេ ផងដែរ។

លោក សាយ សំអាល់ ក៏បានប្រកាសបើកចំហរសម្រាប់អ្នកដែលមានបំណងចង់វិនិយោគដាំផ្កាអរគីដេ អាចមកជួបជាមួយអ្នកជំនាញបង្កាត់ពូជកេសរកូលព្រៃ (អរគីដេ) តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ចំណុចនេះជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីជួយពង្រីកការដាំ និងបង្កាត់ពូជកេសរកូលព្រៃកម្ពុជា ឱ្យកាន់តែមានភាពសាយភាយឡើងជាដើម។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ប្រទេសកម្ពុជា មានប្រភេទផ្កាអរគីដេ មួយប្រភេទឈ្មោះ «មហាហង្ស» ដែលមានខ្លឹមក្រអូប ខុសពីផ្កាអរគីដេដទៃទៀត ចំពោះក្លិនក្រអូបនៃផ្កាអរគីដេកម្ពុជានេះ ប្រទេសផ្សេងៗមិនមាននោះទេ។

កេសរកូលជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ ដែលមានចំនួនរហូតដល់ជាង ២៥,០០០ប្រភេទ ក្នុងនោះជាង ១០,០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំមានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។

សម្រាប់ប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិបានកត់ត្រាកេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ ៣០០ប្រភេទ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលបានសិក្សាមុនយើងរួមមានប្រទេសថៃមានជាង១,៥០០ប្រភេទ, វៀតណាម មានជាង៧០០ប្រភេទ និងឡាវ មានជាង៥០០ប្រភេទ។ បើផ្អែកលើកត្តាភូមិសាស្ត្រ សណ្ឋានដី និងអាកាសធាតុនៃប្រទេសកម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាងប្រទេសកម្ពុជា កេសរកូលព្រៃកម្ពុជាអាចមានចំនួនច្រើនជាង៥០០ប្រភេទ ប្រសិនបើយើងធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃនៅក្នុងដែន ជម្រកធម្មជាតិបាននឹងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូលព្រៃ ក្នុងគោលបំណងធ្វើពាណិជ្ជកម្មខុសច្បាប់។

សូមបញ្ជាក់ថា កម្ពុជាបានសម្រេចបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse៕